អ៊ូឡង់បាតារ/ម៉ុងហ្គោលី៖ ការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបិទព្រំដែនរបស់ខ្លួនជាមួយម៉ុងហ្គោលីមុនព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសម៉ុងហ្គោលី ដោយតម្លៃទំនិញបានកើនឡើងយ៉ាងខ្លាំង។
នៅពេលដែលប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនដើម្បីព្យាយាមក្នុងការកម្រិតការគំរាមកំហែងនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ទីផ្សារម៉ុងហ្គោលីបានចាប់ផ្តើមទទួលរងពីអតិផរណាដោយសារតែការពឹងផ្អែករបស់ប្រទេស លើផលិតផលចិន និងការនាំចូលរបស់ចិន។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក B.Munkhjin បានពន្យល់ថា គោលនយោបាយរបស់ប្រទេសចិន ដើម្បីដោះស្រាយជំងឺរាតត្បាតគឺ “តឹងរ៉ឹងខ្លាំងណាស់” ដោយបន្ថែមថា ក្នុងករណីអាជ្ញាធរបានរកឃើញតែមួយករណីនោះ ប្រទេស នឹងស្ថិតក្នុងភាពជាប់គាំង។
លោក Munkhjin បាននិយាយថា ប្រទេសរបស់លោក ចង់ស្នើឱ្យប្រទេសចិន សម្របខ្លួន ទៅនឹងបទដ្ឋានថ្មី ដូចស្ថានភាពនៅប្រទេសម៉ុងហ្គោលីដែរ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន A24 ប្រជាពលរដ្ឋមួយចំនួន បានត្អូញត្អែរថា ការឡើងថ្លៃ រួមទាំងទំនិញប្រើប្រាស់ក្នុងផ្ទះ បន្លែ និងរបស់របរផ្សេងទៀតបាន កើនឡើងបីដង ដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ ពលរដ្ឋម្នាក់ឈ្មោះ T.Gereltuya បាននិយាយថា “ស្រោមដៃពាក់ធ្វើការធ្លាប់តែតម្លៃ 500 តូហ្គ្រោកម៉ុងហ្គោលី ឥឡូវនេះវាមានតម្លៃ 1500 តូហ្គ្រោក (ប្រហែល 0.524 ដុល្លារ)។ ថង់សំរាម និងថង់ប្លាស្ទិចធ្លាប់មានតម្លៃពី 4000-5000 តូហ្គ្រោក ប៉ុន្តែឥឡូវវាត្រូវចំណាយរហូតដល់ទៅ 10000 តូហ្គ្រោក (ប្រហែល 3,492 ដុល្លារ)” ។
លើសពីនេះទៀត អ្នកលក់ម្នាក់ឈ្មោះ Z.Naranchimeg បានប្រាប់ទីភ្នាក់ងារថា ការបិទបានរារាំងពួកគេមិនឱ្យទទួលបានទំនិញ ដែលពួកគេបញ្ជាទិញពីទីក្រុងប៉េកាំង ចាប់តាំងពីខែកញ្ញា ដូច្នេះហើយបានធ្វើឱ្យទំនិញទាំងអស់ “ក្លាយជាខ្វះខាត” ។
គាត់បានបន្ថែមថា “ជនជាតិចិនកំពុងនិយាយថាម៉ុងហ្គោលីមិនមកដកទំនិញរបស់ខ្លួនទេ។ គ្មានសំលៀកបំពាក់ថ្មីត្រូវបានទិញក្នុងរដូវចូលឆ្នាំថ្មីក្នុងខែធ្នូនោះទេ។ ទំនិញដែលនៅសេសសល់មានអាយុ១២ខែមកហើយ” ៕ ប្រភព៖ A24