Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​ចិត្តធម៌ ជួយ​កែ​មាត់ឆែប​ដល់​កុមារ​ជិត ៤ ម៉ឺន​នាក់ ដោយ​ឥតគិតថ្លៃ រី​ឯ​មូលហេតុ​គាត់​មិន​យក​ប្រាក់ ដោយសារតែ…

គ្រូពេទ្យវះកាត់កែសម្ផស្សជនជាតិឥណ្ឌាម្នាក់ កំពុងទទួលបានសរសើរថាជាវីរៈបុរស បន្ទាប់ពីបានចំណាយពេលវេលាជាច្រើនក្នុងជីវិតរបស់គាត់ តាមរយៈការអនុវត្តការវះកាត់ឥតគិតថ្លៃជាង ៣៧០០០ ករណី ដើម្បីកែក្រអូមមាត់ឆែប និងបបូរមាត់ឆែបរបស់កុមារ។

យោងតាម ​​CDC, បបូរមាត់ឆែប និងក្រអូមមាត់ឆែប គឺជាពិការភាពពីកំណើត ដែលកើតឡើងនៅពេលដែលបបូរមាត់ ឬមាត់របស់ទារក ខូចទ្រង់ទ្រាយអំឡុងពេលមានផ្ទៃពោះ។ ពិការភាពទាំងនេះបណ្តាលឱ្យមានបញ្ហាជាច្រើន ដែលរាប់ចាប់ពីអសមត្ថភាពក្នុងការទទួលបានទឹកដោះគោនៅពេលជាទារក រហូតដល់ការគំរាមកំហែង និងការរើសអើងនៅពេលក្រោយក្នុងជីវិត។ ពិការភាពពីកំណើតទាំងពីរនេះអាចត្រូវបានកែតម្រូវដោយជំនួយពីការវះកាត់កែសម្ផស្ស ប៉ុន្តែជាអកុសល នីតិវិធីទាំងនេះមិនអាចទៅរួចសម្រាប់គ្រួសារក្រីក្រ។

តែទោះយ៉ាងណា គ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់ដែលមានឈ្មោះថា Subodh Kumar Singh បានលេចមុខជាអ្នកផ្តល់គុណដល់ទារក និងកុមាររាប់ម៉ឺននាក់ ដោយបានកែបបូរមាត់ឆែប ឬក្រអូមមាត់ឆែប ដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជីវិតកាន់តែប្រសើរឡើង។

ទាក់ទងរឿងជួយវះកាត់ដល់កុមារក្រីក្រដោយឥតគិតថ្លៃ ត្រូវបានដឹងថា កើតក្នុងគ្រួសារក្រីក្រនៅ Varanasi ក្នុងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា លោកវេជ្ជបណ្ឌិត Subodh Kumar Singh ត្រូវជម្នះភាពលំបាកដោយខ្លួនឯងក្នុងវ័យកុមារភាព ដែលជំរុញទឹកចិត្តគាត់ឱ្យលះបង់អាជីពរបស់គាត់ ដើម្បីជួយអ្នកខ្វះខាត ជាជាងការស្វែងរកប្រាក់ចំណេញ។ បន្ទាប់ពីបាត់បង់ឪពុករបស់គាត់ ដែលជាស្មៀនផ្លូវរថភ្លើង ពេលគាត់មានអាយុត្រឹមតែ ១៣ ឆ្នាំ លោក Subodh និងបងប្រុសរបស់គាត់ទាំងបីនាក់ ត្រូវផ្គត់ផ្គង់គ្រួសារដោយលក់ទៀន សាប៊ូ និងវ៉ែនតានៅតាមដងផ្លូវ និងនៅតាមហាងនានាក្នុងតំបន់។

បងប្អូនរបស់ Subodh បានសម្រេចចិត្តបោះបង់ការសិក្សាដើម្បីផ្គត់ផ្គង់គ្រួសារ ប៉ុន្តែពួកគេបានប្រាកដថា គាត់អាចបន្តការសិក្សា និងបំពេញក្តីសុបិនរបស់គាត់ក្នុងការក្លាយជាវេជ្ជបណ្ឌិត។ ទោះបីជាគាត់បានជួយបងប្អូនរបស់គាត់តាមលទ្ធភាពដែលគាត់អាចធ្វើបាន ដោយធ្វើការជាច្រើនពេលកំពុងបន្តការសិក្សា តែលោកវេជ្ជបណ្ឌិត Subodh បានខិតខំរៀនសូត្ររហូតបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ផ្នែកវះកាត់ទូទៅ និងជំនាញផ្នែកវះកាត់កែសម្ផស្ស។

វេជ្ជបណ្ឌិត Singh បានប្រាប់ The Better India ថា “កុមារភាពរបស់ខ្ញុំបានផ្តល់ឱ្យខ្ញុំនូវកម្លាំងដើម្បីកសាងភាពធន់ និងអភិវឌ្ឍការយល់ដឹងសម្រាប់មនុស្សដែលឆ្លងកាត់ការតស៊ូប្រចាំថ្ងៃ” ។ លោកបន្តថា “ការលំបាកបានធ្វើ​ឱ្យខ្ញុំយល់ឃើញពីអារម្មណ៍របស់អ្នកក្រ។ ការក្លាយជា​វេជ្ជបណ្ឌិត​បានធ្វើ​ឲ្យខ្ញុំមានតួនាទីជួយមនុស្សជា​ច្រើន។ ខ្ញុំចង់ធ្វើ​ឲ្យជីវិតរបស់ពួកគេ​មានភាពប្រសើរឡើង»។

ដោយដឹងថាទារក និងកុមារដែលកើតមកមានបបូរមាត់ឆែប និងក្រអូមមាត់ត្រូវការជំនួយ គ្រូពេទ្យវះកាត់កែសម្ផស្សចិត្តធម៌រូបនេះ បានចាប់ផ្តើមរៀបចំជំរុំព្យាបាលដោយឥតគិតថ្លៃ និងជួយអ្នកជំងឺឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ការខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានកត់សម្គាល់ឃើញភ្លាមៗដោយ Smile Train ដែលជាគំនិតផ្តួចផ្តើមជាសកលផ្តោតលើការវះកាត់ឆែប។ ជាមួយនឹងការគាំទ្ររបស់ពួកគេ និងពីអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត លោកបណ្ឌិត Singh អាចជួយមនុស្សកាន់តែច្រើន។

ពិតជាមិនធ្លាប់មាន គឺចាប់តាំងពីគាត់បានចាប់ផ្តើមដំណើរដ៏ជោគជ័យនៅឆ្នាំ ២០០៤ មក វេជ្ជបណ្ឌិត Singh បានអនុវត្តនីតិវិធីជាង ៣៧,០០០ ករណី ទាំងលើកុមារ និងមនុស្សពេញវ័យ។ ដោយមានជំនួយពី Smile Train គាត់ក៏អាចបណ្តុះបណ្តាលវេជ្ជបណ្ឌិតរាប់សិបនាក់ផ្សេងទៀតនៅទូទាំងប្រទេសឥណ្ឌា ដើម្បីកែបញ្ហាពីកំណើតទាំងនេះ ហើយសង្ឃឹមថាថ្ងៃណាមួយអាចបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់កែការវះកាត់បបូរមាត់ឆែប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×