ប្រទេសចិនបានតម្លើងមីស៊ីលប្រឆាំងនាវា និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងស្ទាក់មីស៊ីល នៅមូលដ្ឋានចំនួន ៣របស់ខ្លួននៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានសិង្ហបុរី Channel News Asia នៅថ្ងៃព្រហស្បតិ៍នេះ។
នេះគឺជាការដាក់ពង្រាយមីស៊ីលលើកដំបូងរបស់ប្រទេសចិននៅតំបន់ប្រជុំកោះ Spratly ដែលប្រទេសក្នុងតំបន់អាស៊ីដទៃទៀតដូចជាវៀតណាម និងតៃវ៉ាន់ជាដើមទាមទារកាន់កាប់។
មន្ត្រីចិនមិនបានធ្វើការឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរឲ្យមានការបកស្រាយពីខាងភាគីចិនជុំវិញការតម្លើងប្រព័ន្ធមីស៊ីលនៅសមុទ្រចិនខាងត្បូង។
បើតាមបណ្តាញព៌តមានអាមេរិច CNBC បានដកស្រងសំដីពីប្រភពជាច្រើនបានឲ្យដឹងថា បើតាមស្ថាប័នវាយតម្លៃការស៊ើបការណ៍អាមេរិច មីស៊ីលរបស់ចិនត្រូវបានគេបំលាស់ទីទៅកាន់តំបន់ថ្មប៉ប្រះទឹក Fiery Cross Reef, Subi Reef និង Mischief Reef កាលពី ៣០ថ្ងៃមុនមកម្លេះ។
ចំណែកក្រសួងការបរទេសអាមេរិច ដែលតែងតែប្រឆាំងទៅនឹងការតម្លើងសព្វាវុធយោធារបស់ចិននៅមូលដ្ឋានដែលត្រូវបានសាងសង់នៅសមុទ្រចិន ក៏បានបដិសេធធ្វើការបញ្ចេញយោបល់ដែរ។
ប្រទេសចិនមិនបានលើកឡើងពីការដាក់ពង្រាយមីស៊ីលរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែខ្លួនបានលើកឡើងថា ឧបករណ៍យោធានៅប្រជុំកោះ Spratlys គឺទុកសម្រាប់ការពារខ្លួនសុទ្ធសាធ។
សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូងត្រូវបានគេដឹងថាជាតំបន់សម្បូរដោយធនធានធម្មជាតិ ហើយត្រូវមហាអំណាចអាស៊ី ចិនទាមទារកាន់កាប់ស្ទើរតែទាំងស្រុង។ ប្រទេសដទៃដែលព្យាយាមកាន់កាប់រួមមាន ៖ តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ប្រុយណេ និងភីលីពីនជាដើម៕ សុភ័ក្ត្រ