ជីវិតមនុស្សម្នាក់ៗ បើទោះជារស់នៅលើផែនដីតែមួយ តែវាសនាមិនដូចគ្នានោះទេ ដោយក្នុងនោះ អ្នកខ្លះកើតមកក្នុងគ្រួសារមានជីវភាពធូរធារ រស់នៅក្នុងភាពស្រណុកសុខស្រួល គ្មានព្រួយបារម្ភរឿងខ្វះខាតអ្វីនោះឡើយ ទាំងការហូបចុក និងសូម្បីប្រើប្រាស់សម្ភារៈនិយមនានាទៀតផង។
ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកខ្លះព្រោះតែគ្រួសារក្រីក្ររស់ក្នុងជីវភាពដ៏លំបាកលំបិន រកព្រឹកខ្វះល្ងាច ក៏បង្ខំចិត្តត្រូវចេញស្វះស្វែងរករបស់លក់ដូរបន្តិចបន្តួចតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងសូម្បីរស់តាមចិញ្ចើមផ្លូវខ្វះភាពកក់ក្ដៅពីក្រុមគ្រួសារសាច់ញាតិ យ៉ាងកណ្តោចកណ្តែង ដែលឃើញហើយពិតជាគួរឲ្យអាសូរខ្លាំងណាស់។
តួយ៉ាង ក្មេងស្រីម្នាក់បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម សម្តែងនូវក្តីស្រណោះអាសូរជាពន់ពេក ក្រោយពីបានឃើញវីដេអូបង្ហាញទំនងជានាងលក់ដូរពុំដាច់ បង្ខំចិត្តអង្គុយស្ងាប យកក្បាលទៅផ្តេកនឹងបង្គោលភ្លើងរបងមួយកន្លែង ដែលមើលទៅនាងហាក់អស់កម្លាំង និងឃ្លានខ្លាំងហើយមើលទៅ។
នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Bro DeNa បានបង្ហោះវីដេអូ និងបញ្ចេញអារម្មណ៍មួយនេះថា៖ «កូនគេវ័យប៉ុនៗនិង គេកំពុងតែពេញសប្បាយ លុយចាយពេញៗដៃ ម្ហូបញុាំមិនខ្វះចង់បានអ្វីគឺបាន សម្រាប់យើងជាអ្នកក្រ ចង់បានអ្វីគឺត្រូវខំសន្សំរកដោយខ្លួនឯង សុីអត់សុីខ្លាន សម្ពាធ និងបញ្ហាជាច្រេីន ក្រោមមេឃតែមួយតែវាសនាខុសគ្នា»។
ហេតុនេះ ប្រសិនបងប្អូនមានទឹកចិត្តសប្បុរសធម៌ ធ្វើដំណើរឆ្លងកាត់ ប្រទះឃើញក្មេងស្រីដ៏កំសត់ម្នាក់នេះ សូមមេត្តាចែករំលែកជួយយកអាសារគ្នាផងចុះ ទោះបីជាតិចក្ដីច្រើនក្ដី។ សូមបញ្ជាក់ថា ក្មេងស្រីរូបនេះគេតែងឃើញនៅម្តុំក្បែរស្តុបចំការមន (ផ្លូវឡើងទៅកោះពេជ្រ)៕ រក្សសិទ្ធិដោយ៖ លឹម ហុង



