ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យា Privacy Sandbox បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ពីការទាញយកដ៏ច្រើនលើសលប់ ដើម្បីប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្រាប់តាមដានទីតាំង។

មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ App Tracking Transparency (ATT) ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ ប៉ុន្តែមិនដូច ATT របស់ Apple ដែលតម្រូវឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ឱ្យមានការឯកភាពពីអ្នកប្រើប្រាស់ទាក់ទង ទៅនឹងការប្រើលេខសំគាល់ ដើម្បីអាចតាមដានអ្នកប្រើប្រាស់ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម Google នឹងធ្វើការរឹតបន្តឹងបន្តិចម្ដងៗជាមួយនឹងអ្នកអភិវឌ្ឍកម្មវិធី ដើម្បីកាត់បន្ថយការតាមដានពីកម្មវិធីទាំងនោះវិញ។
មុខងារការពារការតាមដានរបស់ក្រុមហ៊ុន Apple នៅលើ iOS និង iPadOS ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមហ៊ុនដែលរកចំណូល ដោយពឹងផ្អែកទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មដូចជា ក្រុមហ៊ុន Meta ខាតបង់ប្រាក់ចំណូលប្រមាណ ១០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ Google ក៏ធ្លាប់បានធ្វើការរិះគន់ថា មុខងារ ATT គឺជាមុខងារដែលអាចគ្មានប្រសិទ្ធភាព និងថែមទាំងអាចនាំមកនូវផលអាក្រក់ក្នុងការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។
ទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាវិញគិតថា នេះគឺជាមុខងារដ៏ល្អ ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ហើយមានតែក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទេ ដែលមិនពេញចិត្តដោយសារតែ ភាគច្រើននៃប្រាក់ចំណូលរបស់ពួកគេ គឺបានមកពីការប្រើប្រាស់ទិន្នន័យ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឬលក់ទៅឱ្យក្រុមហ៊ុនទីបីនោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី