Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរណ៍ធម្មជាតិជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍

spot_img

ខេត្តព្រះវិហារ៖ ក្នុងគោលបំណង ដើម្បីសង្គ្រោះបរិស្ថានប្រជាពលរដ្ឋនៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារបានងាកមករកទេសចរណ៍ធម្មជាតិ ដើម្បីរកចំណូលជំនួសវិញ ដោយសារអ្នកភូមិភាគច្រើនពឹងផ្អែកខ្លាំងលើការកាប់ឈើ។

លោក Ben Davis ស្ថាបនិកនៃគម្រោងទេសចរណ៍ធម្មជាតិ BeTreed បាននិយាយថា BeTreed គឺជាតំបន់ទេសចរណ៍ធម្មជាតិ ហើយវាត្រូវបានដំណើរការ និងថែរក្សាដោយអ្នកស្រលាញ់​ បរិស្ថាន និងសហគមន៍មូលដ្ឋាន។ វាជាការអភិរក្សសត្វព្រៃ និងព្រៃឈើ។ លោក Davis ដឹកនាំអ្នករស់នៅក្នុងភូមិការពារព្រៃឈើ និងសត្វព្រៃដែលនៅជុំវិញនោះ ព្រោះថាតំបន់នេះឥឡូវត្រូវបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអ្នកទេសចរក្នុងស្រុក និងអន្តរជាតិមកផ្សងព្រេង ដែលនៅជុំវិញទីនេះមានព្រៃ និងភ្នំដ៏ស្រស់ស្អាត។ សកម្មភាពនេះ​ក៏បាន​ផ្តល់​នូវ​របរ​មួយ​ដែល​អ្នក​ភូមិ​អាច​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ហើយ​បញ្ឈប់​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ និង​បរបាញ់​សត្វក្នុងការរក​ប្រាក់​ចំណូល។

លោក វាសនា អ្នកបង្កើតមាតិការផ្សព្វផ្សាយ បាននិយាយថា​ ម្សិលមិញធ្វើដំណើរពីភ្នំពេញមកប្រមាណ៦ ទៅ៧ម៉ោង។ បន្ទាប់មកញ៉ាំបាយនៅផ្ទះសហគមន៍ រួចហើយ ជិះគោយន្តទៅ ខ្ទង់២ម៉ោងជាងទៀត ហើយដើរថ្មើរជើងទៀតទើបទៅដល់ភ្នំហ្នឹង គេហៅភ្នំភ្នក់។ ហើយបើថាពិបាកក៏ពិបាក តែមិនសូវពិបាក ដោយសារបងៗខាងសហគមន៍គាត់ជួយយកអ៊ីវ៉ាន់ធ្ងន់ៗមួយចំនួនឡើងជិះម៉ូតូឡើង តែយើងត្រូវដើរថ្មើរជើងអ៊ីចឹងទៅ។

លោក សឹម ធួរី (Tabous Eco tour, community representative): តំណាងសហគមន៍អេកូទេសចរណ៍ភូមិតាបស​ បាននិយាយថា ពីមុនយើងដើរក្នុងព្រៃឬអ្វី ទីមួយសត្វ គឺមិនងាយឮសំឡេងទេ។ ឥឡូវ ភាគច្រើន ពេលដើរយើងមានឱកាសបានឮសត្វយំ អាចជួបសត្វ ជាដើម។ ពីមុន អត់មានទេ។ យើងដើរ យើងដេក អាចឮសំឡេងម៉ាស៊ីនអារឈើ តែឥលូវនេះ បងចង់ទៅដេក ទៅដើរអ្វី ក៏មិនឮដូចពេលមុនដែរ។

លោក វាសនា  ក៏ជាភ្ញៀវទេសចរណ៍ក្នុងស្រុកមកពីភ្នំពេញ​ ក៏បានបន្ថែមថា ពេលហ្នឹងហត់មែនទែន! គិតថាចង់បោះបង់ ស្ទើរសន្លប់ ហត់ណាស់! ឱ្យតែដល់ដឹងតែសន្លប់! តែពេលទៅដល់លើ ឃើញទេសភាពស្អាត ក៏រំសាយអារម្មណ៍ហត់ហ្នឹងអស់រលីង។ រួចហើយចាប់ផ្តើមរៀបតង់ ធ្វើអីញ៉ាំ បងៗខាងសហគមន៍ដែលនាំយើងឡើងហ្នឹង គាត់ចាប់ផ្តើមរៀបចំដុតមាន់ សប្បាយៗ យប់ឡើងជុំគ្នាជុំវិញភ្នក់ភ្លើង លេងហ្គេមលេងអី ព្រឹកឡើងងើបទៅមើលថ្ងៃរះ ញាំបបរ ផឹកកាហ្វេ វាគឺជាការចង់ចាំ និងបទពិសោធល្អមែនទែន។ ខ្ញុំគិតថាខ្ញុំឥតស្តាយក្រោយទេ ដែលបានមក។

ចំណែកលោក សឹម ធួរី​ តំណាងសហគមន៍ បាននិយាយទៀតថា សហគមន៍ទេសចរណ៍អេកូធម្មជាតិ តាបស់ហ្នឹង ពុំមែនមាននាទីតែត្រឹមនាំភ្ញៀវប៉ុណ្ណឹងទេ។ គាត់មានតួនាទីមួយទៀត​ គឺជួយល្បាតដូចគ្នា។ អ៊ីចឹងបងប្អូនមួយចំនួនដែលធ្លាប់អាស្រ័យផលពីការចាប់ឈើ ជាពិសេសក្មេងដែលគាត់ធ្លាប់ធ្វើអ៊ីចឹង គាត់អាចបង្វែពីកាប់ មកនាំគេដើរព្រៃ ហើយបណ្តុះកូនឈើដាំវិញ។ គម្រោងយើង បង្កើតតាំងពីឆ្នាំ២០១៩ ប៉ុន្តែដោយសារកូវីដ ពីរឆ្នាំចុងក្រោយនេះ គឺស្អុយហើយ។ យើងពុំបានធ្វើអ្វីសោះ។ ព្រៃសហគមន៍អេកូទេសចរណ៍តាបស់ហ្នឹង យើងសហការជាមួយ ប៊ែន ព្រោះខាងប៊ែន សហគមន៍ព្រៃឈើហ្នឹង គាត់មានកងកម្លាំង អ៊ីចឹងយើងចុះល្បាតជាមួយពួកគាត់។

កញ្ញា វិច្ឆតា អ្នករៀបចំកម្មវិធីនៃSolo Landscape បានឱ្យដឹងថា អ្វីដែលខ្ញុំអាចជួយគាត់បានហ្នឹង គឺត្រឹមប្រមូលភ្ញៀវទេសចរណ៍ឱ្យមកជួយគាំទ្រដល់សហគមន៍ពួកគាត់។ ព្រោះឥឡូវនេះ គាត់មានបង្កើតជាសហគមន៍អេកូទេសចរណ៍ Betreed ហើយនិង តាបស់ ដែលជាកន្លែងបោះតង់ថ្មីមួយ ដែលពួកយើងទើបត្រលប់មកមិញហ្នឹងដូចគ្នា។ 

ដោយឡែក លោក ប៊ែន ដេវីស ដែលជា ស្ថាបនិកនៃគម្រោងទេសចរណ៍ធម្មជាតិ BeTreed បានបន្តថា យើងបង្កើតកន្លែងនេះ គេហៅ Betreed ជាកន្លែងទេសចរណ៍ធម្មជាតិ ហើយយើងសហការជាមួយអ្នកការពារបរិស្ថាន និងប្រជាសហគមន៍ ដើម្បីអភិរក្សសត្វព្រៃ និងជាពិសេស ព្រៃឈើ។ ហើយយើងក៏ទទួលភ្ញៀវទេសចរណ៍។

ជាមួយគ្នានេះ កញ្ញា វិច្ឆិតា បានលើកឡើងថា  ស្អាត! ដោយសារឡើងដល់ទីនោះ យើងមើលឃើញសមុទ្រឈើ។ ព្រៃឈើច្រើនមែនទែន ពេលមើលមើលទៅ។ ហើយចង់និយាយថា កន្លែងបើតង់ហ្នឹង​ក៏មានផាសុខភាពដែរ លក្ខណៈថា ពុំមានស្មៅអ្វីដុះរញ៉េរញៃ ព្រោះបងៗខាងសហគមន៍ គាត់វាទធ្វើកន្លែងប៉ោះតង់ឱ្យយើង។ អ៊ីចឹងបើយើងទៅតំបន់អេកូទេសចរណ៍ គឺយើងបានចូលរួមចំណែកជួយប្រជាក្នុងសហគមន៍ក្នុងហ្នឹងឱ្យគាត់រកលុយបាន ជាជាងកាលដែលគាត់អាស្រ័យផលនឹងការកាប់ព្រៃឈើ វាពិបាក។ តែពេលគាត់ងាកមកនាំភ្ញៀវទេសចរណ៍វិញ គាត់អាចមើលឃើញបានទូលាយជាងមុន និងអាចបញ្ជូនកូនទៅរៀន។

លោក សឹម ធួរី បានឱ្យដឹងដែរថា បើពេលណាមានសកម្មភាពអ្នកទេសចរ មកតំបន់នេះកាន់តែច្រើន ពួកយើងមានចំណូល។ កាលណាមានចំណូល យើងមានថវិកា សម្រាបតម្កល់ គឺយើងដកមួយផ្នែកមកតម្កល់សម្រាប់អភិរក្ស។ មានន័យថា ក្រោយពេលអស់ភ្ញៀវទៅ លុយតម្កល់មួយហ្នឹង គឺយើងអាចឱ្យគាត់ដើរដោយពុំចាំបាច់មានភ្ញៀវទេ។ អ៊ីចឹង យើងដកពីភ្ញៀវ ក្នុងម្នាក់ ២ដុល្លារ សម្រាប់ចំណាយលើការអភិរក្សសហគមន៍។ អ៊ីពេលមានច្រើនយកបូកលុយហ្នឹងបញ្ចូល ហើយក្រោយអត់ភ្ញៀវ យើងជូនគាត់មួយថ្ងៃ២ម៉ឺន ឬ ៣ម៉ឺនក្តី សម្រាប់ឱ្យគាត់ដើរល្បាត។

លោក ប៊ែន ដេវីស បានបន្ថែមថា បាទ យើង អើ…ជួនកាល យើងខ្មាសអៀននឹងណែនាំគេដែរ។ ប៉ុន្តែ ភាគច្រើន គេយល់ហើយ។ ប៉ុន្តែយើងក៏គួររម្លឹកដែរថា ផែនដីយើង មានតែមួយទេ។ ហើយវានៅសល់តិចណាស់ ឯសញ្ញាប្រែប្រួលអាកាសធាតុបញ្ជាក់ ហួសពីច្បាស់ហើយ។

លោក ប៊ែន ដេវីស បានបន្ថែមទៀតថា នៅខាងនេះ យើងឃើញដើមឈើធំៗដុះ១០០ ទៅ២០០ឆ្នាំ កំពុងងាប់ច្រើនណាស់ ដោយសាររាំងស្ងួត។ នៅលើភ្នំនេះ ពពៃ ផ្ចឹក ឧត្តម ជាឈើធំៗ ងាប់ប្រហែល៥០% ទៅ ៧០%ក្នុងពេលតែ២ ទៅ៣ឆ្នាំ។ នេះជាបញ្ហាធ្ងន់ណាស់ យើងគួរគិតទាំងអស់គ្នា ទាំងក្រុមហ៊ុន ទាំងប្រជាជន ព្រោះនៅពេលវាខូចហើយ វាហួសពេល។ វាពុំមែនទៅដាំ ដូចដើមធំៗដែលខ្ញុំថាហ្នឹង ឱ្យវាចាប់ដុះមកវិញបាននោះទេ​ ទោះពេញមួយក្នុងជីវិតយើង ឬកូនចៅយើង ​ក៏វាឥតធំដូចដើមដែរ។ ដូច្នេះ ជួយគិតទាំងអស់គ្នា ហើយពិចារណា ហើយអាណិត អនាគតកូនខ្លួនឯង ។ ប្រភព៖ A24

spot_img
×