ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣ខែវិច្ឆិកានេះ បានចេញរបាយការណ៍បឋមអំពីការស្រាវជ្រាវរហ័សរបស់ក្រុមការងារ អ.ប.ព. ករណីលោកស្រី អែម ចន្ទី មានកូនប្រុសអាយុ 14ឆ្នាំ ប្ដឹងមក អ.ប.ព.។
នៅថ្ងៃសុក្រ ទី31/10-2025 ម៉ោង 15:10នាទី កុមារាឈ្មោះ សល្យ ស៊ីធីណែត (14ឆ្នាំ) កូនប្រុសលោកស្រី អែម ចន្ធី បានមកដាក់ពាក្យប្ដឹងសុំឱ្យ អ.ប.ព. ជួយរកយុត្តធម៌ករណី គិត សំណាង ជាអ្នកចងការប្រាក់ បានរៀបចំឧបាយកល យកផ្ទះ និងប្តឹងម្តាយខ្លួន (អែម ចន្ទី) ពីបទ មិនបំពេញកាតព្វកិច្ចនូវឧបករណ៍អាចជួញដូរបាន។ ម៉ោង 16:30នាទី កុមារា ដដែល បានប្តឹងមកសារព័ត៌មាន ដើម្បីផុសជាសាធារណៈ។
ក្រុមការងារ 06នាក់ របស់នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ ដែលមានលោក កែវ នាថមុនី ប្រធាននាយកដ្ឋាន លោក យ៉ា រង្សី អនុប្រធាននាយកដ្ឋាន លោកស្រី យុង ម៉ី ប្រធានការិយាល័យពាក្យប្ដឹង កញ្ញា ជា ហ្សេរ៉ា មន្ត្រី លោក ទូច ប្រុស មន្ត្រី និងលោក អ៊ុំ ពន្លឺ មន្ត្រី បានធ្វើការស្រាវជ្រាវពីករណីនេះ និងដោយមានការជួយពី នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម របស់អង្គភាពផង ហើយក្រុមការងារបានជួបប្រជុំ សុំការដឹកនាំ និងអន្តរាគមន៍ពី ឯកឧត្ដម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. ឯកឧត្តម យុងទៀង ពុទ្ធរ៉ា ឧបការី នៃ អ.ប.ព. នៅយប់ថ្ងៃអាទិត្យ ទី 02/11-2025។ ទោះបីពេលវេលាខ្លីក្រុមការងារបានប្រមូលព័ត៌មាន និងឯកសារជាច្រើន ដែលមានលទ្ធផលដូចតទៅ។
នៅថ្ងៃទី01/8-2020 លោកស្រី អែម ចន្ទី ខ្ចីប្រាក់ពីលោក គិត សំណាង ចំនួន 450,000$ ដោយបានទទួលប្រាក់ ចំនួន 02លើក។ លើកទី1 ចំនួន 350,000$ ដើម្បីយកទៅដោះបំណុលជាមួយធនាគារ Mega International Commercial Bank និងលើកទី2 ចំនួន 100,000$ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។ ការខ្ចីប្រាក់ 450,000$ នេះ មាន រយៈពេល 06ខែ (01/8-2020-01/2-2021) ការប្រាក់ 1.7%/1ខែ ស្មើនឹង 7,650$ និងប្រាក់ព័និយការយឺតយ៉ាវ 300$/1ថ្ងៃ និងដាក់បញ្ចាំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12060107-0051 ចុះថ្ងៃទី28/5-2008 ស្ថិត នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលខ្លួនទើបលោះបានពីធនាគារមកឱ្យ ម្ចាស់បំណុល។
ដោយខ្លួនមិនមានលទ្ធភាពសង នៅថ្ងៃទី28/1-2021 លោកស្រី អែម ចន្ធី បានធ្វើកិច្ចសន្យាសុំពន្យាពេលសង លើកទី1 រយៈពេល 04ខែ និងនៅថ្ងៃទី05/6-2021 លោកស្រី អែម ចន្ធី បានធ្វើកិច្ចសន្យាសុំពន្យាពេលសង លើកទី2 រយៈពេល 04ខែបន្ត។
ដោយលោកស្រី អែម ចន្ទី នៅតែមិនមានលទ្ធភាពសង (6ខែ+4ខែ+4ខែ=14ខែ) នៅថ្ងៃទី05/6-2021 លោក គិត សំណាង បានឱ្យលោកស្រី អែម ចន្ធី ទទួលស្គាល់បំណុលជាលាយលក្ខណ៍អក្សរចំនួន 655,260$ និងលោកសី អែម ចន្ធី ចេញមូលប្បទានបត្រ (លើកទី1) ដែលមានទឹកប្រាក់ចំនួន 655,250$ ដោយប្រាក់នោះបើនៅថ្ងៃទី28/10-2021 ជាកំហិត។
នៅថ្ងៃទី10/11-2021 លោកស្រី អែម ចន្ទី នៅតែមិនមានលទ្ធភាពសងតាមការសន្យា និងតាមមូលប្បទានបត ដែលគាត់ផ្ដល់ឱ្យម្ចាស់បំណុល ហើយលោកស្រី អែម ចន្ទី បានសុំពន្យាជាថ្មីម្ដងទៀត។
របាយការណ៍បឋម អំពីការស្រាវជ្រាវរហ័ស របស់ក្រុមការងារ អ.ប.ព. ករណី លោកស្រី អែម ចន្ធី មានកូនប្រុស អាយុ 14 ឆ្នាំ ប្ដឹងមក អ.ប.ព. ៖
ឆ្លងតាមការស្រាវជ្រាវរហ័ស ប៉ុន្តែស៊ីជម្រៅធ្វើឱ្យ អ.ប.ព. យល់ថា តុលាការទាំងពីរថ្នាក់ (សាលាដំបូង+សាលាឧទ្ធរណ៍) សុទ្ធតែមានមូលដ្ឋានគតិយុត្ត និងភស្តុតាងត្រឹមត្រូវ ដើម្បីវិនិច្ឆ័យទោស ដាក់ពន្ធនាគារ 02ឆ្នាំដល់លោកស្រី អែម ចន្ទី ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន។
ករណីនេះ អ.ប.ព. រកមិនឃើញមានតម្រុយ នៃអំពើពុករលួយទេ។ ម្យ៉ាងទៀត មេធាវីចិត្តធម៌ ពេជ្រ សូរិយា បានឱ្យ អ.ប.ព. ដឹងថា ខ្លួន និងលោកស្រី អែម ចន្ទី នឹងប្តឹងសាទុក្ខទៅតុលាការកំពូលថែមទៀត អំពីបទល្មើសនេះ។
អ.ប.ព. យល់ឃើញថា គួររង់ចាំការផ្តល់យុត្តិធម៌ពីតុលាការបន្ថែមទៀត ដោយជៀសវាង ការអត្ថាធិប្បាយជាសាធារណៈ នាំឱ្យប៉ះពាល់ដល់សមត្ថកិច្ចរបស់តុលាការ។
អ.ប.ព. នឹងឆ្លើយតបទៅកុមារា សល្យ ស៊ីធីណែត និងម្តាយលោកស្រី អែម ចន្ទី ថា គាត់នៅមានឱកាសដើម្បី ទទួលបានយុត្តធម៌ពីតុលាការ អំពីចំនួនពិតប្រាកដ នៃប្រាក់បំណុល (បើលោកស្រី អែម ចន្ទី មានភស្តុតាង គ្រប់គ្រាន់បង្ហាញតុលាការថា បំណុលពិតប្រាកដចំនួន 450,000$ ហើយការប្រាក់ពិតជាយកលើសការកំណត់ របស់រដ្ឋ (ខ្ពស់បំផុត 1.5%/1ខែ) រដ្ឋមិនអនុញ្ញាតឱ្យយកប្រាក់ការ៕








