ព្រះសីហនុ៖ ខណៈដែលនៅរាជធានីភ្នំពេញ មានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ អាជ្ញាធរខេត្តព្រះសីហនុបានប្រកាសថា អត្រាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ មានការថយចុះជាលំដាប់ ដោយរដ្ឋបាលខេត្តបានជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់កូវីដ១៩។ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី តាមរយៈម៉ាស៊ីនតេស្ត PCR ប្រមាណ២០០នាក់ ក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៥.២០១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.៨៨០ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់។
អាជ្ញាធរខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣.ការពារ ៣.កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
នៅក្នុងរយៈពេលនៃការអនុវត្តវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បានចូលរួមសហការបានយ៉ាងល្អជាមួយអាជ្ញាធរខេត្ត ធ្វើឱ្យអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុមានការថយចុះជាលំដាប់។
ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តមានការថយចុះនេះ ដោយសាររដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមផ្សារ ដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ហើយបន្ទាប់ពីទទួលបានការណែនាំរបស់រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងអាជីវករនៅតាមទីផ្សារទាំងអស់ បានចូលរួម ធ្វើ ការរៀបចំ កែលម្អទីតាំងលក់ដូរឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មានសោភណភាព អនាម័យ និងគម្លាតសុវត្ថិភាពសង្គម កាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ រហូតមកទល់បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ បានបន្តការលក់ដូរនៅក្នុងស្ថានភាពល្អប្រសើរ កាត់បន្ថយករណីឆ្លងកូវីដ១៩បានជាបន្តបន្ទាប់។
សូមជម្រាថា កន្លងមក ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ជាពិសេសការឆ្លងរាលដាលនៅតាមទីផ្សារនានា ដែលជាទីតាំងដែលមានការប្រមូលផ្តុំ រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការរដ្ឋបាលដោយបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ និងមួយផ្នែកនៃក្រុងស្រុកនានា ព្រមទាំងចេញសេចក្តីសម្រេចបិទផ្អាកជាបណ្តោះអាសន្ននូវដំណើរការអាជីវកម្មទីផ្សារនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។