ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវ ចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៤៥,២១៦នាក់ , រាជធានីភ្នំពេញ ២៤,៨០៤នាក់ , ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់, ខេត្តបាត់ដំបង ២២,៨៤២នាក់, ខេត្តសៀមរាប ១៦,៥៦៧នាក់ , ខេត្តកំពត ១៤,៧៤៦នាក់។

ឯកឧត្ដមបានបន្តថា ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ មានការថមថយខ្លះ នាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។
ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែល នឹងស្ថានភាពពេលដែល ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។
តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេសចរណ៍ តាមបណ្តាខេត្តមិនសូវមានចំនួនច្រើន ដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវ ក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំ ជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរ កុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










