Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្វាគមន៍ការចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគប្រមាណ២, ៩ប៊ីលានដុល្លារ

spot_img

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ យន្តការថែទាំវិនិយោគកម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២, ៩ ប៊ីលានដុល្លារអាមេរិក គិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២២។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំនេះ ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧កន្លងទៅ។

ក្រុមហ៊ុនជប៉ុនជាង ១០០ បានបោះទុនវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ៣០០០ ពាន់លានដុល្លារ​ ដែលចំនួននេះ មិនទាន់រាប់បញ្ចូលក្រុមហ៊ុនតូចៗ ដែលវិនិយោគដោយរូបវ័ន្តបុគ្គលនៅឡើយទេ។ ជាមួយគ្នានេះ លោកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ក្នុងការជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ ឯកឧត្តមសុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់ជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តម គូសបញ្ជាក់ថា ច្បាប់ស្តីពី វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបាននិងកំពុងក្លាយជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀតរបស់ប្រទេសកម្ពុជា សម្រាប់ការទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្តារសេដ្ឋកិច្ចឡើងវិញ​នៅក្រោយវិបត្តិនៃជំងឺកូវី-១៩៕

spot_img
×