Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងលេខទូរសព្ទធនាគារ ដែលលោកអ្នកទទួលបាន ពីការស្វែងរកអនឡាញ

spot_img

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃអង្គារនេះ បានចេញផ្សាយព័ត៌មានថា កាលពីពេលថ្មីៗនេះសារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ជាមួយនឹងការបោកបញ្ឆោតតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយ ជាមួយនឹងកម្មវិធីស្វែងរក Google។

ជាមួយនឹងការបោកបញ្ឆោតនេះ ជនខិលខូចបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម បន្លំធ្វើជាធនាគារ ជាមួយនឹងកម្មវិធីស្វែងរក Google ដើម្បីឱ្យតំណភ្ជាប់និងលេខទូរសព្ទរបស់ពួកគេ ត្រូវបានបង្ហាញមុនគេ នៅពេលដែលជនរងគ្រោះ ធ្វើការស្វែងរកព័ត៌មានបន្ថែមរបស់ធនាគារ។

ជាឧទាហរណ៍ កាលពីខែធ្នូកន្លងទៅ ជនរងគ្រោះម្នាក់បានធ្វើការទំនាក់ទំនង ទៅធនាគារតាមរយៈទូរសព្ទ ដែលគាត់ទទួលបានពីការស្វែងរកនៅក្នុងកម្មវិធី Google ដោយសារតែគាត់មានបញ្ហាមួយចំនួន ជាមួយនឹងគណនី។ ជនខិលខូចបានបន្លំខ្លួន ធ្វើជាបុគ្គលិករបស់ធនាគា ហើយបានប្រើវិធីសាស្ត្រផ្សេងៗ ឱ្យជនរងគ្រោះមានការជឿទុកចិត្ត និងយល់ព្រម បង្កើតគណនីថ្មីមួយទៀត ដើម្បីផ្ទេរលុយចូលទៅក្នុងគណនីនោះ ប៉ុន្តែតាមការពិតលុយទាំងនោះ ត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់ពួកគេទៅវិញ។

គួរបញ្ជាក់ផងដែរថា ការបោកបញ្ឆោតតាមរយៈការផ្ញើសារ ក៏មានការរីករាលដាលខ្លាំងដែរ នៅក្នុងប្រទេសសិង្ហបុរី ដែលធ្វើឱ្យអាជ្ញាធរសិង្ហបុរី គំរាមចាត់វិធានការលើធនាគារ ណាដែលមិនបានចាត់វិធានការ ឱ្យបានទាន់ពេលវេលាទាក់ទង នឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។

ដើម្បីចៀសវាងការខាតបង់លុយកាក់ លោកអ្នកគួរតែមានការប្រុងប្រយ័ត្ន នៅពេលធ្វើការទំនាក់ទំនងទៅធនាគារ។ លោកអ្នកគួរតែធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ ឬអាសយដ្ឋានរបស់គេហទំព័រ ដែលមាននៅខាងក្រោយកាតរបស់ធនាគារ ឬឯកសារផ្សេងៗទៀត ដែលទទួលបានផ្ទាល់ពីធនាគារ។
ម្យ៉ាងវិញទៀត លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានសារទាក់ទង ទៅនឹងបញ្ហាជាមួយគណនីធនាគារ ឬសារដែលទាមទារឱ្យលោកអ្នក ផ្ដល់នូវលេខកូដសម្ងាត់ OTP។ ប្រសិនបើលោកអ្នកទទួលបានសារទាំងនោះ លោកអ្នកគួរតែធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទរបស់ធនាគារផ្ទាល់ ជាងនេះទៅទៀត សូមលោកអ្នកកុំចុច នៅលើតំណភ្ជាប់ ដែលមាននៅក្នុងសារ ឬអ៊ីមែល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×