ខេត្តព្រះសីហនុ៖ សមត្ថកិច្ច នៃស្នងការដ្ឋានន នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះអនុវត្តបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានចាប់រថយន្ចំនួន ១៤គ្រឿង បើកបរដោយជនជាតិចិន ហើយគ្មានច្បាប់អនុញ្ញាត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានប្រចាំថ្ងៃ របស់នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី៣ ខែឧសភា បានបង្ហាញថា យុទ្ធនាការនេះ ប្រើប្រាស់កម្លាំងសមត្ថកិច្ចចំនួន ២០នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នាទីប្រជុំជន ក្នុងក្រុងព្រះសីហនុចំនួនពីរគោលដៅ ដើម្បីឆែកឆេររកជនបរទេស ដែលបើករថយន្ត គ្មានច្បាប់អនុញ្ញាត ជាពិសេសអ្នកបើកបរជនជាតិចិន។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា គោលដៅទី១ បានដាក់នៅលើវិថី ២ធ្នូ ត្រង់ចំណុចជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងគោលដៅទី២ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅលើវិថីឯករាជ្យ ត្រង់ចំណុច ស្តុបស្ថានីយ៍ប្រេងឥន្ទន:កាល់តិច ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ។
ជាលទ្ធផលនគរបាលចរាចរណ៍ បានរកឃើញ និង ឃាត់ទុករថយន្តចំនួន ១៤គ្រឿង បើកបរដោយជនជាតិចិន គ្មានច្បាប់អនុញ្ញាត និងមិនមានប័ណ្ណបើកបរ ឲ្យបានត្រឹមត្រូវយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
រថយន្តទាំង ១៤គ្រឿងនោះរួមមាន៖
១-រថយន្តម៉ាក TACOMA ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2Z-3903។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AM-2127។
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ស គ្មានផ្លាកលេខ។
៤-រថយន្តម៉ាក LEXUS RX300ពណ៌ស ពាក់ផ្លាកលេខសៀមរាប2-2874។
៥-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-8103។
៦-រថយន្តម៉ាក HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AS-9757។
៧-រថយន្តម៉ាក PREVIA ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2J-8168។
៨-រថយន្តម៉ាក CAMRY បាឡែន ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AF-3887។
៩-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AS-1278។
១០-រថយន្តម៉ាក HIGHLANDER ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ2AG-2382។
១១-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AP-7857។
១២-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AP-1569។
១៣-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-6949។
១៤-រថយន្តម៉ាក TOYOTA ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2C-8868។
លោក អ៉ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រថរថយន្តទាំងអស់នោះ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា។
ព្រមជាមួយគ្នានេះ លោក ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ក៏បានផ្ញើសារតាមបណ្តាញសង្គម ដោយបានសុំការធ្យាស្រ័យ ចំពោះចំណាត់ការ របស់កម្លាំងសមត្ថកិច្ចថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់ ក្នុងសកម្មភាពចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន៖ ការបើកបរលើផ្លូវ ដោយមិនគោរពច្បាប់ មិនមានស្លាកលេខ មិនពាក់មួកការពារសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់ គ្មានប័ណ្ណបើកបរជាដើម ប្រយោជន៍ដើម្បីរក្សាភាពសុខសាន្ត និងថែរក្សាសម្ភារៈទ្រព្យសម្បតិ្ត ជាពិសេសអាយុជីវិត របស់មនុស្សទាំងអស់គ្នា។
បន្ថែមលើនេះ លោក ជួន ណារិន្ទ ក៏បានផ្តាំផ្ញើថា សម្រាប់អ្នកជួលមធ្យោបាយយានយន្តគ្រប់ប្រភេទ ឲ្យអ្នក ដែលមិនមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ ក៏ស្នើឲ្យជៀសវាងកុំជួលឲ្យអ្នកទាំងនោះជាបន្តទៀត នាថ្ងៃខាងមុខ។
ត្រង់ចំណុចនេះ លោកស្នងការ ក៏ស្នើឲ្យមានការយោគយល់ និងស្នើឲ្យប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធចូលរួមសហការល្អជាមួយសមត្ថកិច្ចឲ្យបានទាំងអស់គ្នា ដើម្បីសង្គមជាតិយើងរុងរឿងថែមទៀត៕ ដែន សីមា