Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើសិនជាឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើអំពើអាក្រក់ សម្តេចតេជោ ហ៊ុន សែន នឹងមិនគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីឡើយ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា បើសិនជាឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចធ្វើអំពើអាក្រក់ សម្តេចនឹងមិនគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីឡើយ។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ដោយរំលឹកឡើងវិញអំពីការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃអនាគត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនេះសម្តេចជានាយករដ្ឋមន្រ្តី ហើយនៅមិនយូរប៉ុន្មាន សម្តេចក៏នឹងក្លាយទៅជាឪពុករបស់នាយករដ្ឋមន្រ្តីម្តង ហើយបន្ថែមពីនេះសម្តេចក៏បានដាក់បញ្ញត្តិសម្រាប់ចៅ របស់សម្តេចថា ២០ឆ្នាំក្រោយត្រូវតែប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្រ្តី ពេលនោះសម្តេចក៏នឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តីថែមទៀត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រឿងអ្វីកូនគេធ្វើបាន អ្នកដទៃធ្វើបាន កូនខ្ញុំទទួលបានការបណ្តុះបណ្តាលប៉ុណ្នឹងធ្វើមិនបាន ប៉ុន្តែខ្ញុំសូមបញ្ជាក់ប្រសិនបើកូនខ្ញុំ ធ្វើអំពើអាក្រក់ ខ្ញុំមិនអាចគាំទ្រវាបានទេនិយាយឱ្យច្បាស់ ខ្ញុំមិនអាចឱ្យគណបក្សប្រជាជន ត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនទុកឱ្យប្រជាពលរដ្ឋ ត្រូវបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ»។

នៅថ្ងៃនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតជប៉ុន, នាយករដ្ឋមន្ត្រី , រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ, អគ្គមេបញ្ជាកងទ័ពរបស់ជប៉ុន ដែលបានស្វាគមន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន។
សម្តេចតេជោបានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន គឺពិតជារវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ ដូច្នេះការទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

spot_img
×