ភ្នំពេញ ៖ យោងស្មារតីអង្គប្រជុំរបស់គណៈសង្ឃទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការនិង សាសនា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរៀបចំបរិស្ថានក្នុងវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពីការរៀបចំបរិស្ថានក្នុងវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
ផ្អែកតាមស្មារតីនិងខ្លឹមសារអង្គប្រជុំគណៈសង្ឃទាំងពីរគណៈនិងក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំ ដល់មន្ត្រីសង្ឃមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងនោះរួមមាន គណៈសង្ឃរាជធានី-ខេត្ត គណៈសង្ឃក្រុង-ស្រុក-ខណ្ឌ និងគណៈសង្ឃវត្ត ព្រមទាំងមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ដូចខាងក្រោម៖
១-ព្រះមេគណរាជធានី-ខេត្ត ត្រូវសហការជាមួយប្រធានមន្ទីរធម្មការនិងសាសនា បំផុសព្រះចៅអធិការ គ្រប់វត្តអារាម ស្តីពីការរៀបចំថែរក្សាបរិស្ថានវត្ត ដោយដាំដំណាំដើមឈើប្រណិតៗ ដើមឈើមានម្លប់ ផ្លែ ផ្កា ឱ្យបានច្រើនប្រភេទ ដើម្បីជាទីលម្អផង ជាជម្រករបស់សត្វធាតុផង និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឱ្យបានកម្រិតខ្ពស់។
២-មន្ត្រីសង្ឃមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាពិសេសព្រះចៅអធិការគ្រប់វត្តអារាម គប្បីយកចិត្តទុកដាក់ ខ្ពស់បំផុតក្នុងការណែនាំតាមរយៈធម្មទេសនាផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យដាំដំណាំ និងបន្លែបង្ការផ្សេងៗ ដូចជាស្ពៃគ្រប់មុខ ស្លឹកគ្រៃ ខាត់ណា សាលាដ ត្រសក់ ត្រកួន ត្រឡាច ល្ពៅ និងដំណាំជីគ្រប់មុខ ជាដើម។
៣-ទាក់ទងនឹងបច្ចេកទេសដាំបណ្តុះបន្លែបង្ការលើផ្ទៃដីវត្តអារាម គណៈសង្ឃរាជធានី-ខេត្តនិងមន្ទីរធម្មការ និងសាសនា ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នជំនាញផ្នែកកសិកម្ម ដើម្បីជួយផ្នែកបច្ចេកទេស ដូចជាការដាំដុះ ការប្រើប្រាស់ពូជ និងជីធម្មជាតិជាដើម ដល់ព្រះចៅអធិការ មន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ សំដៅធានាបាននូវដំណើរការដាំដំណាំនិងបន្លែបង្ការឱ្យមានភាពល្អប្រសើរនិងវឌ្ឍនភាពទៅមុខជានិច្ចស្រប តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាអ្នកមានសេចក្តីឧស្សាហ៍ព្យាយាមពីដើមរៀងមក។
ទទួលបានសេចក្តីណែនាំនេះ ព្រះមេគណ និងប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត ត្រូវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នជំនាញផ្នែកកសិកម្ម ដើម្បីអនុវត្តផែនការដាំដំណាំ និងបន្លែបង្ការ តាមបណ្តាវត្តអារាមទូទាំងប្រទេស ប្រកបដោយគំនិតច្នៃប្រឌិត ធានាទាន់ពេលវេលា និងទទួលបានលទ្ធផល ល្អប្រសើរស្របតាមគោលបំណង នៃស្ថាប័នទាំងពីរ គឺពុទ្ធចក្រ និងអាណាចក្រ ដែលជាកង់សម្រាប់ទ្រទ្រង់គ្នា ទៅវិញទៅមក។
គណៈសង្ឃទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការនិងសាសនា មានសេចក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា មន្ត្រីសង្ឃមូលដ្ឋានរួមមានព្រះមេគណនិងសហការី ព្រះគ្រូអនុគណនិង សហការី ព្រះចៅអធិការនិងសហការី ព្រះសង្ឃគ្រប់រូបព្រមទាំងប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត មានស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយសេចក្តីណែនាំនេះ ឱ្យបានទូលំទូលាយនិងអនុវត្តប្រកប ដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី











