Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ម៉ាឡេស៊ី ជំរុញការទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាពនៅក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូដ-១៩

ភ្នំពេញ៖ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ ២០២២ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនាពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូដ-១៩ ដែលទាមទារឱ្យកម្ពុជា ប្រកាន់យកនូវអភិក្រម បុរេសកម្មជាងមុន នៅក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកប​ដោយគុណភាព និងចីរភាព។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen_Husaini,Mohd Hashim មើលឃើញថា ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា បានបង្ហាញកាន់តែច្បាស់នូវការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងបរទេស ហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការត្ថុរកិច្ចសកលថ្មីៗ ដោយបានដាក់បញ្ចូលវិស័យ ឧស្សាហកម្មបៃតង បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។

លោកបានគូសបញ្ជាក់ថា រាល់ប្បញ្ញត្តិក្នុងច្បាប់នេះ សុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការ លើកលែងពន្ធ ក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគ សំដៅធ្វើឱ្យកាន់តែមានភាពងាយស្រួលរលូន និងប្រសិទ្ធភាព ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ។ លោកមានជំនឿយ៉ាងមុតមាំទៀតថា តាមរយះច្បាប់នេះ កម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុងការជំរុញ សន្ទុះទៅមុខជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ម៉ាឡេស៊ី ជាប្រភពវិនិយោគដ៏សំខាន់មួយនៃបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់អ្នកវិនិយោគម៉ាឡេស៊ី ចំនួន ១៦២គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ៣,១៥ពាន់លានដុល្លារ៕

×