ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ៣-៤នាក់ ដែលអនុវត្តការងារខ្វះក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ខណៈពេលឃើញរថយន្តទំនើបមួយគ្រឿងចូលសំចតអែបកៀនផ្លូវ ដើម្បីទិញខ្សែសាកទូរស័ព្ទមួយភ្លែត ស្រាប់តែពួកខ្លួនដែលមិនព្រមប្រើវិធីដើរប្រាប់ ឬរំលឹក ជាជាងការចាប់ខែពិន័យនោះទេ បែរជាបើករថយន្តមកស្ទាក់ពីមុខ និងពីក្រោយ ហើយនិយាយគំរាមស្ទូចអូសរថយន្ត យកទៅដាក់ការិយាល័យចរាចរណ៍ចាត់ការតាមច្បាប់។

ករណីនេះកំពុងក្លាយជាប្រធានបទ មួយដ៏សំខាន់ ដែលមន្ត្រីចរាចរណ៍បានប្រកាន់យកត្រូវចំពោះឥរិយាបថរបស់ខ្លួនដែលធ្វើមកលើនារីម្ចាស់រថយន្ត, ហើយថា នារីម្ចាស់រថយន្តផ្ដល់ព័ត៌មានឲ្យទៅអ្នកសារព័ត៌មាន គឺជាព័ត៌មានមិនពិត និងថា កំពុងមានគម្រោងហៅអ្នកសារព័ត៌មានដើម្បីសួរ-ឆ្លើយ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅលើកំណាត់ផ្លូវព្រះសីហនុ ម្ដុំគិរីរម្យ (ម្ដុំហាងលក់ទូរស័ព្ទច្រើន) នាថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងជាង ១១ព្រឹក។ ចំណែករថយន្តដែលចូលសំចតអែបខាងកៀនផ្លូវនោះ ម៉ាកឡិចស៊ីស Nx200t ពណ៌ស បើកបរដោយនារីម្នាក់។
ក្នុងហេតុការណ៍នេះដែរ ខាងមន្ត្រីចរាចរណ៍ បានចុះផ្សាយបំភ្លឺនៅតាមបណ្ដាញសារព័ត៌មានក្នុងស្រុកមួយ ជុំវិញការចុះផ្សាយព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន CEN ដោយខាងមន្ត្រីចរាចរណ៍ចោទប្រកាន់ថា CEN ផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ដែលចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ , ខាងប៉ូលិសមិនបានបង្ខំយកលុយម្ចាស់រថយន្តនោះទេ, ហើយថា បុគ្គលម្ចាស់រថយន្តធ្វើខុសច្បាប់ហើយ មិនទទួលស្គាល់កំហុស បែរជាចោទប្រកាន់មកលើសមត្ថកិច្ចថែមទៀត និងថា កំពុងមានគម្រោងហៅអ្នកសារព័ត៌មានដើម្បីសួរ-ឆ្លើយ។

ងាកមកកម្លាំងចរាចរណ៍ដែលល្បាតជារបៀបពួនសំងំវិញ ពេលឃើញរថយន្តចូលសំចតអែបកៀនផ្លូវបែបនេះ ក៏ចាត់ទុកថា ជាចំណីដ៏ឆ្ងាញ់ (ប្រៀបដូចឃើញឈ្លូស) ហើយក៏ប្រញាប់បើករថយន្តស្ទូចនិងរថយន្តអង្គភាពប៉ូលិស២គ្រឿង ទៅស្ទាក់ខាងមុខ និងខាងក្រោយ ហើយធ្វើជានិយាយទូរស័ព្ទជាមួយមេខ្លួនឯង របៀបខ្លាំងៗតឹងតែង ត្រូវតែនាំយករថយន្តទៅដាក់នៅការិយាល័យ ! ត្រង់នេះ មហាជនឆ្ងល់ថា បើខ្លួនកំពុងអនុវត្តច្បាប់ ឃើញរថយន្ដខុស ហើយត្រូវនាំយកទៅការិយាល័យ ម៉េចមិននាំយកទៅតែម្ដងទៅ ចាំបាច់រ៉ែរ៉ ច្រិមច្រុម ធ្វើអី ?! ចាំបាច់និយាយឮៗធ្វើអី ដូចពាក្យថា ទៅតែនាំយករថយន្ត ទៅការរិយាល័យ ! ទោះអ្នកណាធំប៉ុណ្ណាក៏ដោយ !
ទោះជាយ៉ាងណា នារីជាម្ចាស់រថយន្ត និងសាក្សីជាច្រើននាក់ដែលឃើញហេតុការណ៍នៅទីនោះ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការចេញមកបកស្រាយរបស់ក្រុមមន្រ្តីនគរបាលចរាចរណ៍ប៉ុន្មាននាក់នោះ គឺគ្រាន់តែជាការនិយាយយកល្អសម្រាប់ខ្លួនឯងប៉ុណ្ណោះ តែធាតុពិត គឺក្រុមរបស់គាត់ បានប្រើប្រាស់សម្តី សម្លុតគំរាមព័ទ្ធជុំវិញរថយន្តរបស់គាត់ និងរូបគាត់, រួចហើយចេះតែហៅឲ្យរូបគាត់ចូលក្នុងរថយន្តនិយាយគ្នាជាមួយមេប៉ូលិស។
នារីម្ចាស់រថយន្តសង្កត់ធ្ងន់ថា ដំបូងឡើយ នាងក៏សុំការអធ្យាស្រ័យ និងយោគយល់ពីក្រុមមន្ត្រីនគរបាលផងដែរ ព្រោះថា នៅទីនោះសំបូរហាងលក់ទំនិញ មិនមានទីតាំងកន្លែងចតរថយន្តនោះទេ មានតែខ្ចីផ្លូវសាធារណៈបន្តិច ឬមួយភ្លែតតែប៉ុណ្ណោះ ហើយរូបនាងក៏មិនបានចតរថយន្តយូរនោះដែរ គឺគ្រាន់តែចូលទិញខ្សែសាកទូរស័ព្ទមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែខាងមន្ត្រីចរាចរណ៍មិនព្រមអធ្យាស្រ័យ។

ពេលជជែកគ្នានោះ គឺខាងមន្ត្រីប៉ូលិសនិយាយថា បើមិនចង់មានរឿងវែងឆ្ងាយឲ្យ ១០ម៉ឺនមក, រឿងនេះរហូតដល់មានម្ចាស់ហាងលក់ទូរស័ព្ទ ចេញមកជួយនិយាយសម្របសម្រួល ក៏ធ្វើឲ្យការទាមទារតាំងពី ១០ម៉ឺនរៀល រហូតមកនៅត្រឹម ៤ម៉ឺនរៀល, ពេលនោះម្ចាស់ហាងលក់ទូរស័ព្ទថែមទាំងចេញលុយ ៤ម៉ឺនរៀលឲ្យទៅប៉ូលិសទៀត បន្ទាប់មកទើបបាននារីម្ចាស់រថយន្តចេញលុយ ៤ម៉ឺនរៀលសងទៅម្ចាស់ហាងទូរស័ព្ទវិញ។ ត្រង់ចំណុចនេះ គឺថា យកលុយ ៤ម៉ឺនរៀលរបស់គេហើយ បែរជានិយាយអួតថា មិនបានយកទៅវិញ ហើយក៏មិនបានចេញវិក្កយបត្រផាកពិន័យឲ្យទៅនារីម្ចាស់រថយន្តដែរ តើក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលនៅឯណា ?!
នារីម្ចាស់រថយន្តបានបញ្ជាក់ទៀតថា នៅពេលជជែកគ្នាតឹងតែង នាងខ្ញុំសុខចិត្តឲ្យសមត្ថកិច្ចយករថយន្ត ទៅកន្លែង ដើម្បីធ្វើការផាកពិន័យតាមច្បាប់ទៅចុះ ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនយកទៅទេ ដោយអេះអុញៗរហូតបានលុយ ៤ម៉ឺនរៀលទើបបញ្ចប់ការជជែក ហើយក៏បើករថយន្តចេញទៅ។
ត្រឡប់មកពិនិត្យមើលត្រង់ចំណុចថា ក្រុមមន្ត្រីចរាចរណ៍ប៉ុន្មាននាក់នោះ មានគម្រោងហៅអ្នកសារព័ត៌មាន ចូលការិយាល័យរបស់ខ្លួនដើម្បីសួរ-ឆ្លើយនេះ យើងក្នុងនាមជាអ្នកសារព័ត៌មាន សូមសួរថា តើមន្ត្រីនគរបាលចរាចរណ៍សម្អាងទៅលើមូលដ្ឋានច្បាប់អ្វី ទើបហៅអ្នកកាសែតទៅជួបសួរនាំ?! ជាធម្មតាមជ្ឈមណ្ឌលព័ត៌មាន CEN តែងតែធ្វើការផ្សព្វផ្សាយរបស់ខ្លួនស្របតាមច្បាប់ ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយការផ្សាយស្ដីពីប៉ូលិសចរាចរណ៍ធ្វើឥរិយាបថមិនត្រឹមត្រូវទៅលើនារីម្ចាស់រថយន្តនោះ គឺជាប្រភពព័ត៌មានពីនារីម្ចាស់រថយន្តផ្ទាល់ ,
ហើយប្រសិនបើមានការផ្សាយខុសត្រង់ចំណុចណា ខាងមន្ត្រីចរាចរណ៍មានសិទ្ធិធ្វើលិខិតលាយលក្ខណ៍ជាអក្សរ និងអញ្ជើញមកជួបចាងហ្វាងការផ្សាយ និងនិពន្ធនាយក CEN ដល់អង្គភាពសារព័ត៌មានផ្ទាល់ ទើបជាការស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន, ដូច្នេះ ត្រង់ការប្រើពាក្យថា មានគម្រោងហៅអ្នកសារព័ត៌មានទៅសួរ-ឆ្លើយបែបនេះ តើមិនមែនជាការរំលោភលើសេរីភាពសារព័ត៌មានទេឬ?! ឬមួយក៏អស់លោកទាំងនោះខ្វះការយល់ដឹងស្តីពីមូលដ្ឋានច្បាប់?!

ខាងក្រោមនេះទៀត គឺជាចំណុចដែលមហាជនគួរពិចារណា ដូចតទៅ ÷
១- ម៉ោងជាង១១ព្រឹក មិនសូវមានស្ថានភាពចរាចរណ៍កកស្ទះនៅតំបន់នោះទេ,
២- មុនចូលសំចត ម្ចាស់ឡានបានសួរអ្នកជិតខាងដែរ គេប្រាប់ថា មិនអីទេ ព្រោះចូលទិញខ្សែសាក ឬកាសទូរស័ព្ទតែមួយភ្លែត ហើយតាមធម្មតាស្ទើគ្រប់កន្លែងខាងប៉ូលិសចរាចរណ៍ មិនដែលផាកពិន័យរឿងគ្រាន់តែឈប់មួយភ្លែតដូច្នេះនោះទេ,
៣- តាមមតិអ្នកជិតខាង ករណីផាកលើកនេះ ទំនងជាប៉ូលិសឃើញឡានរាងទំនើប គិតថា អាចផាកទៅបានលុយច្រើនហើយមើលទៅ,
៤- ហៅឱ្យម្ចាស់ឡានដែលជានារីវ័យក្មេងចូលទៅក្នុងឡានប៉ូលិសដើម្បីនិយាយគ្នា, ត្រង់ចំនុចនេះមើលទៅដូចជាមិនសម រឿងអីបានជាចាំបាច់ត្រូវនិយាយក្នុងឡាន ម៉េចមិនចេញមកនិយាយនៅខាងក្រៅធម្មតា?
៥- ពេលជជែកគ្នាតឹងតែង នារីម្ចាស់រថយន្តបានអញ្ជើញសមត្ថកិច្ចឱ្យនាំយករថយន្តទៅការិយាល័យ ហេតុម៉េចមិនព្រមនាំយកទៅ?
៦- រឿងកោះហៅអ្នកសារព័ត៌មានជារឿងមួយមិនត្រឹមត្រូវទេ តាមធម្មតាត្រូវមានលិខិតបំភ្លឺជាផ្លូវការមកស្ថាប័នព័ត៌មាន បើគិតថា ការផ្សាយខ្វះចន្លោះត្រង់ចំណុចចណាមួយ ដើម្បីកែតម្រូវ ទង្វើនេះ គឺបានបំពានមកលើសេរីភាព ឯករាជភាព របស់អ្នកសារព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







