Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព

ភ្នំពេញ ៖ ប្រជាពលរដ្ឋដដែលបានធ្វើតេស្តរហ័សរកកូវីដ-១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា ៖ ប្រជាពលរដ្ឋដដែលបានធ្វើតេស្តរហ័សរកកូវីដ-១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមបងប្អូនដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព។ ការដែលប្រជាពលរដ្ឋ ស្នើសុំព្យាបាលនៅតាមផ្ទះ គឺយើងមានប្រព័ន្ធការងាររបស់យើង នៅតាមខណ្ឌរួចហើយ ក្រុមការងារនេះ នឹងធ្វើការងារជាមួយពួកគាត់ហើយ។

លោកប្រធានមន្ទីរ បានបន្តថា ៖ ចំពោះកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវបំពេញពាក្យសុំ ដែលបានបញ្ជាក់ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធផល (+) ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ជាដើម។

ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះប្រជាពលរដ្ឋត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។

អ្នកជម្ងឺកូវីដ-១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍ អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ សម្រាប់អ្នកថែទាំដែលផ្ដល់ការថែទាំព្យាបាល នៅតាមផ្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សន្យាអនុវត្តវិធានសុខាភិបាល ក្នុងរយៈពេលព្យាបាលនៅផ្ទះ ក្នុងនោះទី១ ស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ ។ ២ ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។ ៣ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន ។ ៤. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ ទៀងទាត់ជាប្រចាំ ។ ៥ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ៦ .ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ។ ៧. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ ជាមួយសាប៊ូ និងទឹកឱ្យបានត្រឹមត្រូវ។​ ៨ . វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

ក្នុងករណីប្រព្រឹត្តខុស ពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×