អ្នកលេងអុីនធើរណែត នៅក្នុងប្រទេសឥណ្ឌា ពិតមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹងថាបុរសម្នាក់ បាននាំយកកាក់មួយបាវ ដើម្បីទិញម៉ូតូ១គ្រឿង ធ្វើឲ្យបុគ្គលិកហាងចំនួន៣នាក់ រាប់ហត់កន្លះថ្ងៃ។
ពិតណាស់ បុគ្គលិកហាងលក់ម៉ូតូ៣នាក់ ត្រូវបាន «ដាក់ពង្រាយ» ដើម្បីជួយអតិថិជនយកបាវកាក់ចូលខាងក្នុងហាង។ ហើយបន្ទាប់ពីកាក់ទាំងអស់នោះត្រូវបានចាក់ចូលកញ្ច្រែង ពួកគេក៏ចាប់ផ្តើមរាប់។
កាសែតក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា បុរសដែលទិញម៉ូតូនោះ រស់នៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។ ថ្វីត្បិតតែសារព័ត៌មានមិនបានបញ្ជាក់ជាក់លាក់អំពីអត្តសញ្ញាណរបស់បុរសនេះក៏ដោយ ប៉ុន្តែគាត់បានក្លាយជាមនុស្សដ៏ចាប់អារម្មណ៍នៅលើបណ្តាញសង្គមឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
បើតាមដឹង បុរសរូបនេះ បានទិញម៉ូតូសម្រាប់ខ្លួនឯង ជាមួយលុយខំសន្សំជាយូរពីការលក់គ្រឿងទេស។ ហើយទីបំផុត នៅពេលដែលគាត់គិតថាមានលុយគ្រប់គ្រាន់ដើម្បីទិញម៉ូតូ ភ្លាមៗនោះ គាត់ក៏បានយកកាក់ទាំងអស់ទៅកន្លែងតាំងលក់ម៉ូតូមួយកន្លែង នៅឃុំ Howly ស្រុក Barpeta រដ្ឋ Assam ប្រទេសឥណ្ឌា ដើម្បីសម្រេចក្តីសុបិនរបស់គាត់ ក្លាយជាម្ចាស់ម៉ូតូ១គ្រឿង។
អ្នកនិយមលេងអុិនធើរណែតក្នុងប្រទេសឥណ្ឌា ពិតជាបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងរបស់បុរសសន្សំសំចៃនេះ។ ហើយទន្ទឹមនឹងនេះផងដែរ តារាអុិនធើរណែតដ៏ល្បីឈ្មោះឥណ្ឌាម្នាក់ លោក Hirak J Das បានបញ្ចេញមតិថា៖ «ទោះបីជាយើងប្រហែលជាត្រូវការលុយច្រើន ដើម្បីសម្រេចក្តីសុបិនណាមួយក៏ដោយ ប៉ុន្តែ ត្រូវចាំថា អ្វីៗគឺចាប់ផ្តើមដោយជំហានតូចៗ ប្រមូលផ្តុំនេះឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

