អ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen បាននិយាយថា កប៉ាល់ដឹករថយន្ត Porsche, Audi និង Bentley ពីប្រទេសអាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក បានឆាបឆេះនៅជិតឆ្នេរសមុទ្រនៃកោះ Azores របស់ប្រទេសព័រទុយហ្គាល់ ក្នុងមហាសមុទ្រអាត្លង់ទិក។
Reuters បានរាយការណ៍ថា កប៉ាល់ទង់ជាតិប៉ាណាម៉ា បានកំពុងធ្វើដំណើរពីទីក្រុង Emden ប្រទេសអាឡឺម៉ង់ ជាកន្លែងរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Volkswagen ទៅកាន់ទីក្រុង Davisville ក្នុងសហរដ្ឋអាមេរិក។ សមាជិកនាវិកជាជនជាតិព័រទុយហ្គាល់សរុបចំនួន ២២ នាក់ ត្រូវបានជម្លៀសចេញ នៅពេលដែលអគ្គីភ័យបានឆាបឆេះ ដោយមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ នេះបើតាមកងទ័ពជើងទឹកព័រទុយហ្គាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
អ្នកនាំពាក្យម៉ាករថយន្តនេះបាននិយាយថា រថយន្ត Porsches ប្រហែល ១,១០០ គ្រឿង និងរថយន្ត Bentley ១៨៩ គ្រឿងស្ថិតនៅលើនាវានោះ។ សារព័ត៌មានអាល្លឺម៉ង់ Handelsblatt បានរាយការណ៍ថា អ៊ីមែលខាងក្នុងពីក្រុមហ៊ុន Volkswagen របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា កប៉ាល់នេះផ្ទុករថយន្តម៉ាក VW, Porsche, Audi និង Lamborghini ចំនួន ៣,៩៦៥ គ្រឿង។ ប៉ុន្តែ Volkswagen មិនបានបញ្ជាក់ពីចំនួនរថយន្តសរុបនៅក្នុងនោះទេ ហើយបាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានបន្ថែម។
ប្រធានក្រុមកំពង់ផែ Horta នៅលើកោះ Faial Azorean បានប្រាប់ទីភ្នាក់ងារព័ត៌មានព័រទុយហ្គាល់ Lusa នៅយប់ថ្ងៃព្រហស្បតិ៍ថា ភ្លើងនៅតែសកម្ម ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រង។ អាជ្ញាធរ Azorean មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក James Turner មេធាវីដែលមានជំនាញខាងវិវាទពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងដែន បាននិយាយថា ការខូចខាតគឺបណ្តាលមកពីមូលហេតុទូទៅនៃអគ្គីភ័យបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



