Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃការតភ្ជាប់ការដឹកជញ្ជូន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្ម

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃការតភ្ជាប់ការដឹកជញ្ជូន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។

ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួងចូលរួមក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤ នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) ក្រោមប្រធានបទ៖ ការតភ្ជាប់ និងការជំរុញការតភ្ជាប់ការដឹកជញ្ជូន ប្រកប ដោយចីរភាព ដោយមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូននៃរដ្ឋជាសមាជិក តំណាងអន្តររដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពី ចម្ងាយ មានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលការងារ និងសមិទ្ធផលការងារសម្រេចបាន របស់គណៈកម្មាធិការដឹកជញ្ជូន(ITC) របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) ក៏ ដូចជាដើម្បីផ្លាស់ប្តូរទស្សនៈ និងផ្តល់អនុសាសន៍ណែនាំសម្រាប់ពេលអនាគត ដោយពិនិត្យលើប្រធានបទនានា និងបញ្ហាផ្សេងៗដូចជា៖ របៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នានា និងដើម្បីពិនិត្យ និងឈានទៅចុះហត្ថលេខាលើសេចក្តីសម្រេចថ្នាក់រដ្ឋមន្ត្រីស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវការ ផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការឈានដល់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងកំពុងឋិតក្នុងគន្លងឈានទៅ សម្រេចគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភព លោក ក្នុងអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម៧,៧%រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះមកនៅត្រឹម៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដូចជា៖ សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម។

ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងការតភ្ជាប់ការដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា៖ កម្ពុជាបាននិងកំពុងវិនិយោគ យ៉ាងច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន៖ ផ្លូវជាតិនិងផ្លូវខេត្តមានប្រវែងសរុប១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ៩៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ(AC)និងផ្លូវបេតុង ឬស្មើនឹង៥៤,៦០% នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ត្រូវបានធ្វើឱ្យប្រសើរឡើងតាមស្តង់ដាអន្តរជាតិ និងព្រលាន យន្តហោះថ្មីចំនួន៣ផ្សេងទៀតកំពុងសាងសង់ផងដែរ។

បន្ថែមពីលើនេះ ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ កំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅទីក្រុងហូជីមិញក៏ត្រូវបានសិក្សាផងដែរ។ តាម រយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលស្តារឡើង វិញ និងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដីនៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបាន ពង្រីក និងធ្វើឱ្យប្រសើរឡើង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ត្រឡប់មកវិញផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារសំខាន់មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីផ្គត់ផ្គង់ និងចែកចាយ ទំនិញឱ្យកាន់តែប្រសើរ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ចូលរួម ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពី ការចូលរួមរបស់កម្ពុជា ជាមួយកិច្ចព្រម ព្រៀងសម្របសម្រួល ការដឹកជញ្ជូនឆ្លងព្រំដែន (CBTA) ដើម្បីធានាឱ្យមានលំហូរ ដោយរលូននៃទំនិញ សេវាកម្ម និងអ្នកដំណើរឆ្លងកាត់ព្រំដែន ជួយសម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×