Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណបក្សនយោបាយ​ទើប​បង្កើត​ថ្មី​ចំនួន​២ ថ្កោលទោស​ចលនា​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី​

​រាជធានី​ភ្នំពេញ ៖ គណបក្ស គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស មាតុភូមិ​យើង ដែល​ជា​គណបក្ស​នយោបាយ ទើបនឹង​បង្កើត​ថ្មី បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​បាន​ថ្កោលទោស​ចលនា​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​ការអំពាវនាវ​របស់​អតីត​មេ​បក្ស​ប្រឆាំង ដែល​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ មិន​ទៅ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

គណបក្ស គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​លោក គង់ មុនី​កា កូនប្រុស​ពៅ​លោក គង់ គាំ អតីត​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​អតីត​គណបក្ស​ប្រឆាំង​ជា​ប្រធាន និង គណបក្ស មាតុភូមិ​យើង គឺ​លោក​ច័ន្ទ ប៊ុនហេង ជា​ប្រធាន​។​

​សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​ដោយ​លោក គង់ មុនី​កា និង​លោក ច័ន្ទ ប៊ុន​ហន បានបញ្ជាក់​ថា ៖ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​មាតុភូមិ​យើង ថ្កោលទោស​ចលនា​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​គោលបំណង​ចែក​ខិត្តប័ណ្ណ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត ហើយ​ញុះញង់​ឲ្យ​បង្កើត​ព្រឹត្តិការណ៍ និង​ការ​ឆា​ចោល​លទ្ធផល​បោះឆ្នោត​ខាង​មុខ​ទាំង​គ្មាន​ហេតុផល គឺ​សុទ្ធតែ​ជា​គំនិត​អាត្មានិយម​ជ្រុល របស់​ក្រុម​ជន​ល្មោភ​អំណាច​តាម​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ជាប់​មិន​ដាច់ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ សកម្មជន កម្មករ​រងគ្រោះ​គ្រប់យ៉ាង មាន​ជាប់គុក និង​ស្លាប់​បាត់បង់​ជីវិត​ជំនួស​ពួកគេ​ជា​ហូរហែ ។​

​សេចក្តីថ្លែងការណ៍​ថ្កោលទោស​របស់​គណបក្ស​ទាំងពីរ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ចែកចាយ​ខិត្តប័ណ្ណ ដោយ​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​សេចក្តីថ្លែងការណ៍​របស់​គណបក្សឆ​ន្ទៈ​ខ្មែរ និង​គណបក្ស​មាតុភូមិ​យើង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ គណបក្ស​យើងខ្ញុំ ថ្កោលទោស​អំពើ​ខ្វះ​ការទទួលខុសត្រូវ មូល​បង្កាច់ បន្ទាបបន្ថោក​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ដែល​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ក្រោម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំទ្រ និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ គ្រប់​កាលទេសៈ​។​

​ជា​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​យ៉ាង​ទូលំទូលាយ បដិសេធ​ទាំងស្រុង​ចំពោះ​ការប្រមាថ និង​ផែនការ​ខ្មៅ​ងងឹត​របស់លោក សម រង្ស៊ី និង​ក្រុម​ស្រេកឃ្លាន​អំណាច​តាម​អំពើ​ហិង្សា ស្រេកឃ្លាន​សោ​កនា​កម្ម និង​វិនាសកម្ម​ចំពោះ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​តែ​ខ្លួនឯង និង​ក្រុម​ខ្លួន​។​

សូម​សាធារណ​ជន​មតិ​ជាតិ​-​អន្តរជាតិ ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​គំនិត និង​គម្រោង​ញុះញង់​របស់ លោក សម រង្ស៊ី និង​បក្ខពួក ហើយ​សូម​ចូលរួម​ចៀសវាង និង​រារាំង​ភាព​ឧត្បាត​ចង្រៃ​នេះ​កុំឱ្យ​កើតមាន​ឱ្យសោះ​។​

​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​បោះឆ្នោត​នេះ​ផង​ដែរ គណបក្ស​ភ្លើងទៀន ដែល​ជា​អតីត​គណបក្ស សម រង្ស៊ី ដែល​ជា​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាស​ថា​នឹង​មិន​ចូល​រួមការ បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ទេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានទាមទារ​ឱ្យមាន​ការដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ធានា​ឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាព​រដ្ឋ​ខ្មែរ​។​

​ទោះបីជា​គណបក្ស​ភ្លើងទៀន ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក៏​នៅ​ពេល​មាន​គណបក្សនយោបាយ​ជាច្រើន​ទៀត បាន​ប្រកាស​ចូល​រួមកា​រ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា​ខាងមុខ​នេះ​ផង​ដែរ​។​

​រហូតមកដល់​ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៣​ហើយ បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ជូន​គ​.​ជ​.​ប ខណៈ​គណបក្សនយោបាយ​ចំនួន​១៦ ផ្សេងទៀត បាន​មក​ទទួល​ពាក្យសុំ​ចុះ​បញ្ជី​ឈ្មោះ​។ គណបក្ស​នយោបាយ​ទាំង​៣ ដែល​បាន​ចុះបញ្ជី​រួច​រួមមាន​៖ គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នាពេលនេះ នឹង​មាន​គណបក្សនយោបាយ​ជាច្រើន បាន​ចុះឈ្មោះ​បោះឆ្នោត​ច្រើនជាង​អាណត្តិ​មុន​ផងដែរ​។​

​ចំណែក លោក​ម៊ុ​ត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម​សុខា បានបញ្ជាក​ថា គណបក្ស​ភ្លើងទៀន ដែល​ប្តូរ​មក​ពី​គណបក្ស សម រង្ស៊ី បានសម្រេច​មិន​ចូលរួម​ក្នុង​ការបោះឆ្នោត នៅ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​។​

គណបក្ស សម រង្ស៊ី ជា​ដៃគូ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដែល​បានរួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១២​។ គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​រំលាយ​ខ្លួនឯង កាលពី​ថ្ងៃ​ទី​២៨ ខែ​កម​រា ឆ្នាំ​២០១៨​។​

លោក​បន្តថា ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​បាន​បញ្ជាក់​ជំហរ​ដោយ​បន្ត​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។ សូមបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ក្រសួង​មហា​ផ្ទៃ ចេញ​លិខិត​រំលាយ​មិន​មាន​ឈ្មោះ រួម​នឹង​តំណាង​រាស្ត្រនៅក្នុង​បញ្ជី​គណបក្សនយោបាយ ក្នុង​ក្រសួង​មហាផ្ទៃ​ទៀត​នោះ ប៉ុន្តែ​អតីតតំណារាស្ត្រ នៃ​បក្ស​មួយ​នេះ នៅតែ​ប្រើ និង​ប្រកាន់​គោលជំហរ​របស់​ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មាន​ជីវិត​ក្នុង​ឆាក​នយោបាយ​ដដែល​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×