Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសមូហភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អង្ករព្រះវិហារ ជាម៉ាកសមូហភាពមួយទៀត ទុកជាទ្រព្យកម្មសិទ្ធិបញ្ញារួម

spot_img

ព្រះវិហារ៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យគ្មានព្រំដែន (AVSF) និងកម្មវិធី ASPIRE ដើម្បីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព “អង្ករព្រះវិហារ” ដែលជាទ្រព្យកម្មសិទ្ធិបញ្ញារួម។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល បង្កើនកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ “អង្ករព្រះវិហារ” ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងដៃគូអភិវឌ្ឍន៍ បានបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងឧបករណ៍កែច្នៃ ដូចជា៖ ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនចាប់គ្រួស ឬថ្ម ម៉ាស៊ីនញ៉ែកគ្រាប់អង្ករ និងឧបករណ៍ផ្សេងៗទៀត ព្រមទាំងបានជួយពង្រឹងសមត្ថភាពការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងបច្ចេកទេសកែច្នៃដល់សហគមន៍កសិកម្មចំនួន ១៣ ក្នុងស្រុកចំនួន ៦ ក្នុងខេត្តព្រះវិហារ។ លើពីនេះក៏បានជួយរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” និងការស្វែងរកទីផ្សារ “អង្ករព្រះវិហារ” ផងដែរ។

ឯឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ម៉ាកសមូហភាព “អង្ករព្រះវិហារ” មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សហភាពសហគមន៍ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ក្នុងពិធីនេះ មានការចូលរួមដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀតរបស់កម្ពុជា៕

spot_img
×