ភ្នំពេញ ៖ បរិវេណទីតាំង ចាក់សំរាម ដំបូងគេបង្អស់ ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលពីមុនពុំមាន ប្រជាពលរដ្ឋរស់នៅច្រើននោះ នឹងត្រូវកែប្រែបន្ថែម ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក លូ និងផ្លូវថ្នល់ ដើម្បីបំពេញ តម្រូវការ នៃកំណើនប្រជាពលរដ្ឋ ដែលចូលមករស់នៅ ក្នុងរាជធានីភ្នំពេញ ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបែបនេះកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាស ដឹកនាំក្រុមការងារ ចុះធ្វើការពិនិត្យ និងតាមដានសកម្មភាព ក៏ដូចជាសម្ធទិផល ដែលកំពុងសម្រេចបាន ក្នុងជំហ៊ានទី១ នៃការដ្ឋានកសាងប្រឡាយ ស្ទឹងមានជ័យ ការដើរពិនិត្យទ្វារ ទឹក ប្រឡាយដើម ស្លែងផ្លូវ លេខ ៣៧១ និងពិនិត្យប្រព័ន្ធប្រឡាយលូក្នុងភូមិសាស្ត្រតំបន់សឡា, ភូមិសាស្ត្រតំបន់ទីលានសំរាមស្ទឹងមានជ័យ ដើម្បីឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់កន្លងមក។
ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ប្រព័ន្ធលូ និងប្រឡាយទឹក នៅក្នុងទីតាំង ទីលានចាក់សំរាមចាស់ របស់រាជធានីភ្នំពេញ គឺដើម្បីបំពេញ នូវតម្រូវការបន្ថែម នៃការរីកចម្រើន និងការកើនឡើង នូវកំណើនប្រជាជន ដែលកំពុងរស់នៅ ក្នុងទីក្រុងភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា កន្លែងដែលយើងឆ្លងកាត់ គំនរសម្រាមមុននេះ ជាប៉ុស្តិ៍វិទ្យុ ហើយជាទីតាំង ចាក់សម្រាមទី១ (ទីលានចាក់សំរាមចាស់) របស់រាជធានីភ្នំពេញ ហើយទីតាំងនេះ មិនអោយប្រជាជនរស់នៅទេ តែឥឡូវនេះប្រជាជនរស់ច្រើនហើយ ហើយយើងបានឃើញហើយ គឺលូវាតូច តែប៉ុន្មានតឹកទេ ដូច្នេះយើងត្រូវជីកដាក់លូ យើងមានគម្រោង ធ្វើផ្លូវនៅឆ្នាំបន្ទាប់ទៀត តែឆ្នាំនេះយើងដោះ បញ្ហាលូអោយគាត់សិន ដើម្បីរំដោះទឹក ដាក់លូហើយ បានយើងធ្វើថ្នល់ ។ យើងបានពិនិត្យមើល មានលូប្រាំខ្សែ ដែលយើងត្រូវធ្វើជូនគាត់ និងមានប្រឡាយពីរខ្សែដែលត្រូវកាយរំដោះទឹក ។ ក្នុងនោះប្រឡាយស្ទឹងមានជ័យ តទៅប្រឡាយបារាំង ឡើងទៅដល់ ខណ្ឌពោធិ៍សែនជ័យ ក៏ជាប្រឡាយមួយ ដែលអាចរំដោះទឹក ចាប់ពីចំណុច ក្រោយសាលាក្តីខ្មែរក្រហមផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ