ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារប្រឹក្សាយោលបល់ រេដហ៊ីល ខមម្ញូនីខេសិន (ខេមបូឌា) បានរៀបចំកម្មវិធីមហោស្រពអាហារនិម្មិត (Virtual Food Festival) ក្នុងមួយសប្តាហ៍ម្តង ដែលមានរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នា ដោយកម្មវិធីនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ។
កម្មវិធីនេះ ត្រូវបានភោជនីយដ្ឋានផ្សេងៗ សហការដៃគូជាមួយក្រសួងទេសចរណ៍ បង្កើតឡើងដើម្បីដាក់បង្ហាញមុខម្ហូបខ្មែរ តាមតំបន់ជាច្រើន ឲ្យប្រជាជនទូទៅបានស្គាល់ម្ហូបខ្មែរ កាន់តែមានកេរ្តិ៍ឈ្មោះថែមទៀត។
សូមជម្រាបជូនថា ម្ហូបខ្មែរសម្បូរទៅដោយរសជាតិ ដែលមានលក្ខណៈចម្រុះបែបវប្បធម៌ជាមួយ និងរសជាតិពិសេសដែលភ្ជាប់ទៅនិងតំបន់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា ដោយមានគ្រឿងផ្សំស្រស់ៗ។
សម្រាប់សប្តាហ៍ទី ៣ នៃកម្មវិធីមហោស្រពអាហារនិម្មិត នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានក្រុមការងារធ្វើការ Live ផ្ទាល់ចេញពីទំព័រ Facebook ថ្មីរបស់ក្រសួងទេសចរណ៍ Rediscover The Wonders Of Cambodia (@tasthewondersofcambodia) ដែលផ្សាយចេញពីទីតាំងភោជនីយដ្ឋាន Eleven One Kitchen ក៏ដូចជាមានការចូលរួមពីភោជនីយដ្ឋាន សំបុក រមណីយដ្ឋានពិកនិក ភោជនីយដ្ឋានចាណាងជនជាតិដើម និងហាងបង្អែមនាសា ដើម្បីបង្ហាញពីមុខម្ហូបខ្មែរល្បីៗពីភោជនីយដ្ឋានទាំងនោះ ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់នៅទូទាំងប្រទេសដល់សាធារណជនបានស្គាល់។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានជម្រុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក និងលើកកម្ពស់ម្ហូបអាហារខ្មែរ តាមរយៈទំព័រ Facebook និង Instagram របស់ក្រសួងទេសចរណ៏ ដែលមានឈ្មោះថា @tasthewondersofcambodia៕