Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំឡូងមីស្ងួតកម្ពុជាប្រមាណ ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន 

ភ្នំពេញ៖ ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ដំឡូងមីស្ងួតកម្ពុជាប្រមាណ ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន ។ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ពីធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន៤។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរលោកអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ជាក់ស្ដែងនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១,១៩ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។

លោកអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។ គួរបញ្ជាក់ថា បើតាមលោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា៕

×