ប្រទេសកូរ៉េខាងជើង បានផ្លាស់ប្តូរទីកន្លែងរបស់អ្នកទោសអាមេរិច ចំនួន ៣នាក់ ពីមន្ទីរឃុំឃាំងឲ្យមកនៅសណ្ឋាគារវិញ ស្ថិតនៅជាយក្រុងព្យុងយ៉ាង។ ការដែលឲ្យអ្នកទោសអាមេរិច មកស្នាក់នៅសណ្ឋាគារនេះកើតឡើង មុនពេលមេដឹកនាំកំពូល នៃប្រទេសទាំងពីរ គ្រោងជួបគ្នានៅចុងខែឧសភានេះ។ នេះបើតាមការបញ្ជាក់របស់សកម្មជនកូរ៉េខាងត្បូងកាលពីថ្ងៃពុធកន្លងទៅនេះ។
បើតាមសកម្មជនកូរ៉េខាងត្បូងម្នាក់ឈ្មោះ Choi Sung-yong បានឲ្យដឹងថា ពលរដ្ឋអាមេរិចកាំងមានឈ្មោះ Kim Hak-song, Tony Kim និង Kim Dong-chul ត្រូវបានគេផ្លាស់ប្តូរឲ្យមកស្នាក់នៅសណ្ឋាគារកាលពីដើមខែមេសា ក្រោយមានការណែនាំពីអាជ្ញាធរជាន់ខ្ពស់របស់កូរ៉េខាងជើង។
អ្នកទោសអាមេរិចទាំងនោះត្រូវបានបានកូរ៉េខាងជើងចោទប្រកាន់ពីបទចារកម្ម ឬធ្វើសកម្មភាពប្រឆាំងរដ្ឋ។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ត្រូវបានគេដឹងថា កំពុងធ្វើការចរចារគ្នាលើការដោះលែង និងបញ្ជូនអ្នកទាំង ៣នាក់នោះត្រឡប់មកប្រទេសវិញ៕ សុភ័ក្ត្រ