ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតមួយច្បាប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ផ្ញើជូនលោក Ahmet Uzmcu អគ្គនាយក នៃអង្គការហាមឃាត់អាវុធគីមី ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្ររទេសហូរឡង់ ដើម្បីជម្រាបជូនអំពីការរកឃើញអាវុធគីមីនៅកម្ពុជា និងស្វែងរកជំនួយរបស់អង្គការហាមឃាត់អាវុធគីមី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងនៅក្នុងលិខិតថា នៅក្នុងប្រតិបត្តិការបោសសំអាតមីន និងកាកសំណល់សង្គ្រាមដែលមានផលប៉ះពាល់តំបន់ជាច្រើននៃផ្ទៃប្រទេសកម្ពុជា បានរកឃើញអាវុធគីមីមួយចំនួន។ កាលពីខែមីនា និងមេសា ឆ្នាំ២០១២ អ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមី បានពិនិត្យ និងបញ្ជាក់វត្តមាន នៃអាវុធគីមី ដែលត្រូវបានរកឃើញនៅខេត្តរតនគីរី។ នៅដើមខែតុលា ឆ្នាំ២០១៧ ថ្មីៗនេះ បានយកចេញកាកសំណល់មួយចំនួនពីសាលាបឋមសិក្សាគគីរ និងវត្ត ក្នុងឃុំគគីរ ខេត្តស្វាយរៀង ដែលក្រោយមកត្រូវបានបញ្ជាក់ដោយអ្នកជំនាញពីអាជ្ញាធរជាតិអាវុធគីមី (NACW) និងមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) ថាសារធាតុដែលរកឃើញនៅក្នុងអាវុធទាំងនោះ ស៊ីគ្នាទៅនឹងនិយមន័យអាវុធគីមី ចែងក្នុងមាត្រា II កឋាខណ្ឌ១ (១) និង (b) នៃអនុសញ្ញាស្តីពីអាវុធគីមី។ នៅក្នុងឃុំ គេពិនិត្យឃើញមានជនរងគ្រោះមួយចំនួនផងដែរ។ “មកដល់សព្វថ្ងៃ មានទីតាំងចំនួន៣៤កន្លែង ដែលត្រូវបានរកឃើញថាមានផ្ទុកអាវុធប្រភេទដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជា។ “អនុលោមតាមមាត្រាIII កឋាខណ្ឌ១ (b) នៃអនុសញ្ញាស្តីពីការហាមឃាត់ ការអភិវឌ្ឍន៍ ការផលិត ការរក្សាទុក ការប្រើប្រាស់ និងការបំផ្លាញចោលអាវុធគីមី (Convention on the Prohibition of Development, Production, Stockpiling and Use of Chemical Weapons and their Destruction – CWC) ព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថា កម្ពុជារងផលប៉ះពាល់ដោយសំណល់អាវុធគីមីពីសង្គ្រាមប្រើប្រាស់អំឡុងទស្សវត្សឆ្នាំ ១៩៦០ និង១៩៧០។ ជាមួយគ្នានេះ ដូចដែលលោក បានជ្រាបហើយ អនុសញ្ញា ក៏តម្រូវឲ្យរដ្ឋ ដែលបានប្រើប្រាស់ និងបន្សល់ទុកអាវុធគីមី ធ្វើការប្រកាសផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា “ប្រឈមមុខនឹងមហន្តរាយនេះ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា អនុលោមតាមផ្នែក IV (B) កឋាខណ្ឌ៨ នៃអនុសញ្ញា ស្នើសុំជំនួយពីអង្គការហាមឃាត់អាវុធគីមី ក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ គ្រឿងផ្ទុះទាំងអស់នៅតាមទីតាំងដែលបានស្គាល់រួចហើយ និងជំនួយដើម្បីគាំទ្រដល់ការស្រាវជ្រាវបន្ថែមទៀតអំពីផលប៉ះពាល់នៃអាវុធគីមី ព្រមទាំងការបោសសំអាត និងការបំផ្លាញអាវុធទាំងនេះ នៅថ្ងៃអនាគត។
“ក្នុងឋានៈជារដ្ឋភាគីនៃអនុសញ្ញា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការបន្តប្តេជ្ញាចិត្ត និងគាំទ្រដល់កិច្ចការងាររបស់អង្គការហាមឃាត់អាវុធគីមី ក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីបំពេញភារៈកិច្ច និងកាតព្វកិច្ច តាមការកំណត់របស់អនុសញ្ញានេះ”។ ដោយៈ មុនីរាជ