Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​ម្នាក់​ក្លែងខ្លួន​ជា​សង្ឃ រកលុយ​បាន​រាប់​លាន​ ពី​អ្នកភូមិ​មាន​ជំនឿ​ងប់​ងល់​លើ​រឿង​នេះ ទើប​បែកធ្លាយ ដោយសារតែ…

តារាល្បីឈ្មោះ Mor Pla នៅប្រទេសថៃ ដែលល្បីខាងលាតត្រដាងព្រះសង្ឃក្លែងក្លាយ បានបញ្ចេញរឿងថ្មីមួយដ៏ហួសចិត្ត ទាក់ទងស្រ្តីម្នាក់ បានក្លែងខ្លួនជាព្រះសង្ឃ រកចំណូលបានមិនចេះតិចរាប់លានបាតពីអ្នកភូមិ​ដែលមានជំនឿដ៏ងប់ងល់​ព្រោះតែគ្មានវិស័យផ្លូវការណាមួយ រួមទាំងការិយាល័យជាតិនៃព្រះពុទ្ធសាសនា (ONAB) ចាត់វិធានការនោះទេ។

លោក Mor Pla បានប្រាប់ឲ្យដឹងថា គាត់បានទទួលពាក្យបណ្តឹងពីអ្នកភូមិ អំពីស្ត្រីម្នាក់អាយុប្រហែល ៥០ ឆ្នាំ ធ្វើជាព្រះសង្ឃ ដោយស្ត្រីនោះ​កោរសក់ ហើយពាក់អាវពណ៌ទឹកក្រូច។ សកម្មភាពប្រចាំថ្ងៃសំខាន់ៗរបស់គាត់ រួមមានការប្រគេនពរជ័យដល់អ្នកភូមិ ដែលព្រះសង្ឃក្លែងក្លាយរូបនេះអះអាងថា ពួកគេសុទ្ធតែមានសំណាងអាក្រក់។

ព្រះសង្ឃក្លែងក្លាយជាស្រ្តីរូបនេះ មានទីតាំងនៅស្រុក Non Thai ខេត្ត Nakhon Ratchasima។ រឿងនេះត្រូវបានបែកធ្លាយ​គឺបន្ទាប់សមាជិកគ្រួសារមួយ​បានទាក់ទងលោក Mor Pla ដោយប្រាប់ថា មានព្រះសង្ឃក្លែងក្លាយម្នាក់ ដែលតាមពិតជា​ស្ត្រី​ដោយបានអះអាងថា គាត់ជា​វិញ្ញាណរបស់ព្រះសង្ឃថៃ​ដ៏ល្បីមួយអង្គ។

ក្រុមគ្រួសារនោះ​បានទៅជួបស្ត្រីជាសង្ឃក្លែងក្លាយនេះ ហើយត្រូវបានប្រាប់ថា មានមនុស្សក្នុងគ្រួសារ​បានសម្លាប់មនុស្សម្នាក់ ហើយត្រូវព្រលឹងខ្មោចតាមលង​។ តែទោះជាយ៉ាងណា កូនប្រុសម្នាក់បានសម្រេចចិត្តទាក់ទងទៅតារាល្បីរូបនេះ ខណៈដែលឪពុកម្តាយរបស់គាត់នៅតែជឿជាក់លើការអះអាងរបស់ព្រះសង្ឃក្លែងក្លាយរូបនេះ បើទោះជាពួកគេបានចំណាយប្រាក់យ៉ាងច្រើនជាមួយនឹងគ្រឿងអលង្ការមាសរួចហើយក៏ដោយ។

ក្រោយរឿងនេះកើតឡើង មេធាវីម្នាក់ និង​ភរិយារបស់គាត់ ក៏បានចុះទៅជួបផ្ទាល់ស្រ្តីជាព្រះសង្ឃក្លែងក្លាយ ដោយពួកគាត់រៀបចំខ្លួនជា​អ្នកភូមិធម្មតា​។ ពិតណាស់ ព្រះសង្ឃស្រីរូបនេះ នឹងនិយាយជាមួយអ្នកដែលមើលទៅ​ដូចជា​មានលុយ ហើយចាប់ផ្តើមអះអាងថា ពួកគេ​មានសំណាងអាក្រក់​ហើយសុំលុយ ១០,០០០ បាត​ជា​ថ្នូរនឹងផ្តល់ពរជ័យឱ្យពួកគេ​មានលាភ​សំណាង ឬ​ជួយជួសជុលសំណាងអាក្រក់​ទៅ​ថ្ងៃ​អនាគត។ ស្ត្រីរូបនេះ​បានធ្វើ​បែបនេះ​ប្រមាណ​១០​ឆ្នាំ​មកហើយ​ជាមួយជនរងគ្រោះ​ជា​ច្រើននាក់។ នាងមិនបង្ហាញការសោកស្ដាយ​ចំពោះ​ទង្វើ​របស់នាងឡើយ។

ONAB បញ្ជាក់ថា គ្មានអ្វីដែលការិយាល័យ​អាចធ្វើ​បានទេ ព្រោះ​ស្ត្រីនោះ​មិនមែនជា​ព្រះសង្ឃទេ។ គួរបញ្ជាក់ថា មានជនរងគ្រោះជាច្រើននាក់ទៀត ដែលបានលង់ក្នុងការទាមទាររបស់គាត់ ដោយពួកគេបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីទទួលពរជ័យ​ហើយជនរងគ្រោះសំខាន់ៗរបស់ស្រ្តីជាសង្ឃក្លែងក្លាយនេះ គឺជាមនុស្សចាស់ៗ ដោយសារពួកគេមានជំនឿខ្លាំង ទាក់ទងនឹងកត្តាវប្បធម៌៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×