Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា លើកឡើងពីសក្តានុពលវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនតួកគីមកកម្ពុជា

spot_img

ភ្នំពេញ៖ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយសហព័ន្ធសភាពាណិជ្ជកម្មតួកគី និងសហព័ន្ធធុរជនឧស្សាហកម្មតួកគីផងដែរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចធុរកិច្ច នៅសាធារណរដ្ឋតួកគីនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិ​ជ្ជកម្មកម្ពុជា បានលើកឡើងនូវសក្តានុពលវិនិយោគរបស់កម្ពុជា ប្រាប់ដល់វិនិយោគិនតួកគី ដើម្បីទាក់ទាញពួកគេឲ្យមកវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា លឹម ហេង បានលើកឡើងថា កម្ពុជាមានទីផ្សារទូលំទូលាយ ដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ការនាំផលិតផលកម្ពុជា ដោយមិនជាប់ពន្ធទៅកាន់អង់គ្លស និងទៅកាន់សហគមន៍អឺរ៉ុប (EBA) និង ការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)។ កម្ពុជាមានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំនុចកណ្តាលនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបច្រើនជាង ៦០០ លាននាក់។ វិនិយោគិនតួកគី អាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ាន និងពិភពលោកបាន។

លោក Omer Zeydan សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី បានឲ្យដឹងថា ភាគីតួកគីត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញធុរកិច្ចវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗ ដូចជា៖ ការនាំចេញនាំចូល វាយណភ័ណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ និងកសិកម្ម ជាដើម៕

spot_img
×