ភ្នំពេញ៖ អន្តរក្រសួង បានទទួលស្គាល់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាបនាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើក ដំណើរការសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានា ក្នុងគន្លងប្រក្រតីភាពថ្មី ខណៈដែលព្រលានយន្តហោះ ខេត្តសៀមរាប បានទទួលជើង ហោះហើរអន្តរជាតិជាបន្តបន្ទាប់ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ Thai Smile នឹងចាប់ផ្តើមជើងហោះហើរ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានដឹកនាំអន្តរក្រសួង បើកកិច្ចប្រជុំលើកទី២ ដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពរបស់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ត្រូវផ្អែកលើសូចនាករសមិទ្ធកម្មចំនួន៤ ដែលរួមមាន ទី១ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២ អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ ទី៣ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។
ឯកឧត្តម បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងលើមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ឱ្យបានទទួលឡាបែល បញ្ជាក់ការអនុវត្តបានត្រឹមត្រូវតាម SOP របស់ក្រសួងទេសចរណ៍។
គួរបញ្ជាក់ថា ខណៈដែលខេត្តសៀមរាប ជាគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា វីរុសបំប្លែងថ្មីអូមីក្រុង ក៏បានធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ កំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយទៀត ដែលចាំបាច់ ត្រូវមានការវាយតំលៃឲ្យបានម៉ត់ចត់ អំពីគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា។ ស្របពេលខេត្តសៀមរាប បានទទួលជើងហោះហើរអន្តរជាតិជាបន្តបន្ទាប់ ក្រុមហ៊ុនអាកាសចរណ៍ Thai Smile ក៏នឹងចាប់ផ្តើមជើងហោះហើររបស់ខ្លួនមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕