ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស ស្រ្តីជាប់ចោទចំនួន២នាក់ ក៏ប៉ុន្តែ បានបន្ធូរបន្ថយទោស ពួកគេ ក្នុងម្នាក់ៗ ចំនួន ៨ ខែ ជាប់ពាក់ព័ន្ធនឹងការ ធ្វើចរាចរក្រដាសប្រាក់ ដុល្លាអាមេរិក ក្លែងក្លាយ ប្រព្រឹត្តនៅសង្កាត់ ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៨ ។
សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញ បានសម្រេច កែប្រែទោសរបស់ពួកគេ ពីជាប់ពន្ធនាគារ៥ ឆ្នាំ មកនៅត្រឹមតែ ៤ ឆ្នាំ ២ ខែវិញ រីឯ ទោសនៅសេសសល់ គឺ ត្រូវបានព្យួរទាំងអស់។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ស្រ្តីជាប់ចោទទាំង២នាក់មាន ឈ្មោះ លី ស្រីពៅ ហៅ តី ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរ លក់ផ្លែឈើ និង ឈ្មោះ ចាន់ សាវ៉េត ភេទ ស្រី អាយុ ៥២ ឆ្នាំ មុខរបរ នៅផ្ទះមើលចៅ ។
លោកចៅក្រម បានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ស្រ្តីជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ម្នាក់ៗ ៥ ឆ្នាំ និង ពីបទ: ដាក់ឱ្យធ្វើចរាចរណ៍រូបិយវត្ថុ និង រូបិយប័ណ្ណក្លែងក្លាយ តាមបញ្ញត្តិមាត្រា ៦៤៧ នៃច្បាប់ព្រហ្មទណ្ឌ ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៩ នៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលដកហូតបាន លុយដុល្លាខ្មោច ចំនួន ៧៤០ ដុល្លារអាមេរិក ,ម៉ូតូចំនួន ១គ្រឿង, ទូរស័ព្ទ ចំនួន២គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

