ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី ០១ ខែ មិ ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យចំនួន ២ នាក់ ទៅកាន់ស្ថាប័នអយ្យការអសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ខាងលើមាន ឈ្មោះ សុផល បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្កូវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ និង ម្នាក់ទៀត ឈ្មោះ តាវ ម៉េងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាហ៉ី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះមានឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងដែលរឹបអូសបានមាន៖ – ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 ចំនួន ០១ គ្រឿង -ទូរស័ព្ទចំនួន០១គ្រឿងម៉ាក OPPO A15 ពណ៌ខ្មៅ កាបូបស្ពាយពណ៌ ពណ៌ខ្មៅ ចំនួន០១ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យម្ចាស់ដើមវិញ។
ជនសង្ស័យត្រូវបានមន្ត្រីនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្តកណ្តាល នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


