Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពការងារវិស័យ សាធារណការ និងដឹកជញ្ជូន ក្រោមប្រធានបទ៖ “យល់ដឹងអំពីសញ្ញាចរាចរណ៍ និងការកំណត់ល្បឿនលើផ្លូវជាតិលេខ៣”

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាព ការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “យល់ដឹងអំពីសញ្ញាចរាចរណ៍ និងការកំណត់ល្បឿនលើផ្លូវជាតិលេខ៣” អមដោយ លោក ណៃ ចំណង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជានាយកប្រតិបត្តិគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ និងលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជាផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព សមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើ ការបញ្ចេញមតិ (Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែងសរុបចំនួន ១៣៥ គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការងារទាំងស្រុងត្រឹមចុងឆ្នាំ២០២១ កន្លងទៅនេះ ដោយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០២២នេះ។ ផ្លូវនេះមានបំពាក់ទៅដោយកាមេរ៉ាចាប់ល្បឿនចំនួន ១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលបានដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិដើម្បីត្រួតពិនិត្យចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីស្នាដៃដល់ថ្លៃថ្លាក្រោមដំបូលសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាជនមានជីវភាពធូរធារ មានលទ្ធភាពទិញយានយន្តធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ជាក់ស្ដែងកាលពីឆ្នាំ១៩៩០ យានយន្តសរុប មានមិនដល់ ៥ម៉ឺនគ្រឿងផង ក្នុងនោះ៖ ម៉ូតូមានចំនួន ជាង៤ម៉ឺនគ្រឿង រថយន្តធុនស្រាលប្រមាណជាង ៣ពាន់គ្រឿង និងរថយន្តធុនធ្ងន់មានប្រមាណជាង ២ពាន់គ្រឿងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន តាមស្ថិតិចុងឆ្នាំ២០២១ យានយន្តសរុបមានរហូតដល់ប្រមាណជាង ៦លានគ្រឿងក្នុងនោះ៖ ម៉ូតូមានរហូតដល់ ៥លាន ៤សែនគ្រឿង រថយន្តធុនស្រាលមានចំនួនជិត ៧០ម៉ឺនគ្រឿង និងរថយន្តធុនធ្ងន់មានប្រមាណ ៣០ម៉ឺនគ្រឿង។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា៖ ដើម្បីឆ្លើយតបនឹងកំណើនយានយន្តនេះ បណ្តាញផ្លូវថ្នល់សំខាន់ៗ ត្រូវបានពង្រីកខ្វាត់ខ្វែងនៅទូទាំងប្រទេស មានការពង្រីកទំហំផ្លូវពីពីរគន្លងទៅបួនគន្លង និងមានការលើកកម្រិតគុណភាពផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើងទៅជាផ្លូវបេតុងកៅស៊ូ។ ជាក់ស្តែងផ្លូវជាតិលេខ៣នេះត្រូវបានពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើងទៅផ្លូវបេតុងកៅស៊ូផ្លូវនេះ ត្រូវបានបំពាក់សញ្ញាចរាចរណ៍គ្រប់គ្រាន់ និងកាមេរ៉ាអចល័តចាប់ល្បឿនថែមទៀតផង។

ស្របពេលនឹងការរីកចម្រើនខាងលើ ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបជូនថា៖ បញ្ហាប្រឈមដ៏ចម្បងមួយបានកើតឡើងផងដែរ គឺគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ ម៉ឺននាក់ជារៀងរាល់ឆ្នាំបង្កការខាតបង់យ៉ាងធំធេងដល់គ្រួសារ និងសង្គមជាតិ ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ជាតិ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះភាគច្រើនគឺបណ្ដាលមកពីកត្តាមនុស្សពោលគឺ៖ ឥរិយាបថ និងការយល់ដឹងរបស់អ្នកបើកបរនៅលើដងផ្លូវ។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយពីសំណាក់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលដឹកនាំដោយសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន គ.ស.ច.គ. និងឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមួយចំនួនទៀត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ តាមរយៈវិធានការនានាដូចជា៖ ការកែសម្រួលច្បាប់ ការរឹតបន្តឹងការអនុវត្តច្បាប់ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជា កាមេរ៉ាចាប់ល្បឿន ការរឹតបន្តឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការកែសម្រួលផ្លូវ ការផ្សព្វផ្សាយអប់រំដូចភ្លៀងរលឹម និងការបញ្ជ្រាបការយល់ដឹងតាមគ្រប់វិធីផងដែរ។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាសំណួរ ការបញ្ចេញមតិ និងសំណូមពរទៅកាន់វាគ្មិនកិត្តិយសថា៖

១-តើក្រសួងមានគម្រោងផ្លាស់ប្ដូរល្បឿនកំណត់លើផ្លូវជាតិលេខ៣ ដែរឬទេ ឬត្រូវរក្សាត្រឹម ៨០គីឡូម៉ែត្រ ដដែល? និងតើក្រសួងមានគម្រោងផ្សព្វផ្សាយជាស្លាកសញ្ញាតាមបណ្ដោយផ្លូវជាតិលេខ៣ ពីការប្រើប្រាស់ផ្លូវពីរគន្លងស្របគ្នា ឬទេ?
ចម្លើយ៖ យោងទៅលើសភាពជាក់ស្ដែង តម្រូវការនៃការធ្វើចរាចរណ៍ អាចបង្កើនល្បឿនអតិបរមាដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ក្រៅទីប្រជុំជននៃផ្លូវ ៤គន្លងឡើងទៅ។ ទាក់ទងនឹងគម្រោងផ្សព្វផ្សាយជាផ្លាកសញ្ញា ក្រសួងបានធ្វើការផ្សព្វផ្សាយតាមច្រើនរូបភាព ដូចជា៖ ការផ្សព្វផ្សាយតាមរយៈការផលិតវីដេអូអប់រំស្ដីពីការប្រើប្រាស់គន្លង និងការផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកជាដើម។

២-តើកាំមេរ៉ាចាប់ល្បឿនផ្លូវជាតិលេខ៣ ចាប់តែល្បឿនកំណត់ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ឬយ៉ាងណា? ខ្ញុំដូចជាមិនឃើញសញ្ញាកំណត់ល្បឿនទេ តែឃើញកាមេរ៉ាចាប់ល្បឿនតែម្ដង ហើយតើការផាកពិន័យនឹងចាប់ផ្ដើមធ្វើពីពេលណា?
ចម្លើយ៖ កាមេរ៉ាចាប់ល្បឿននៅលើផ្លូវជាតិលេខ៣ មានចំនួន ១០កន្លែង ក្នុងនោះ៖ ៤កន្លែងនៅក្នុងកំណាត់ផ្លូវ ៤គន្លង ពីរង្វង់មូលចោមចៅដល់បែកគុស ហើយមានតែពីរកន្លែង ក្នុងចំណោម ៤កន្លែងចាប់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងពីរកន្លែងទៀតចាប់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការចាប់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឡើងនៅក្នុងទីប្រជុំជនចំនួនពីរគឺ៖ ទីប្រជុំជនត្រាំខ្នារ និងអង្គតាសោម ចំណែក ៦កន្លែងទៀត ស្ថិតនៅលើផ្លូវ ពីរគន្លង ពីបែកគូសដល់គីឡូម៉ែត្រ ១៦១ នៃផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងក្រុងកំពត ចាប់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទាំងអស់។ ការពិន័យនឹងចាប់ផ្ដើមនៅពេលដែលក្រុមបច្ចេកទេសរបស់អគ្គស្នងការនគរបាលជាតិ ដែលកំពុងដំណើរការសាកល្បងមើលឃើញថា៖ ប្រព័ន្ធកាមេរ៉ាទាំងអស់ដំណើរការដោយរលូន និងជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន មុននឹងធ្វើការផាកពិន័យ។

៣-តាមផ្លូវជាតិនានា សញ្ញាបញ្ចប់ល្បឿនមិនសូវឃើញដាក់ទេ ឧទាហរណ៍កន្លែងខ្លះកំណត់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង តែមិនមានការបញ្ចប់កំណត់ល្បឿននោះឡើយ។ សូមជួយពិនិត្យមើល ឡើងវិញ គ្រប់ផ្លូវជាតិផង។
ចម្លើយ៖ ពិតជានៅមានការខ្វះចន្លោះមែន ដោយហេតុថាថវិកាក្នុងការបំពាក់ផ្លាកសញ្ញា នៅលើផ្លូវជាតិ និងផ្លូវផ្សេងៗ ជាពិសេសគម្រោងមុនៗ បច្ចុប្បន្នក្រសួងកំពុងពិនិត្យរកប្រភពថវិកាដើម្បីបំពាក់បន្ថែម។

៤-តើកាំមេរ៉ាចាប់ល្បឿននៅផ្លូវជាតិលេខ៣ ចាប់ផ្ដើមចាប់ល្បឿនហើយឬនៅ? ហើយតើការបិត UV ការពារកំដៅថ្ងៃចាប់ពីប៉ុន្មានភាគរយខុសច្បាប់?
ចម្លើយ៖ប្រព័ន្ធកាំមេរ៉ាចាប់ល្បឿននៅផ្លូវជាតិលេខ៣ ក្រសួងកំពុងសាកល្បងមិនទាន់អនុវត្តការពិន័យទេ ហើយនៅពេលអនុវត្តការពិន័យ អគ្គស្នងការនគរបាលជាតិនឹងជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋ។ ទាក់ទងនឹងការបិត UV ការពាកំដៅ យោងអនុក្រឹត្យលេខ.៨០ អនុក្រចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រើប្រាក់រថយន្តដែលបិតកញ្ចក់ ហាមបិតបន្ទះផ្លាកស្ទិចពណ៌ដែលនាំឱ្យមើលពីខាងក្រៅមិនឃើញក្នុងរថយន្ត។ ការបិត UV ការពារកំដៅថ្ងៃ ត្រូវធ្វើយ៉ាងណាឱ្យគេមើលពីខាងក្រៅទៅក្នុងរថយន្តឃើញ។

៥-សំណូមពរឱ្យពិនិត្យមើលឡើងវិញទាក់ទងនឹងការដាក់ស្លាកសញ្ញា តើត្រឹមត្រូវតាមបច្ចេកទេសឬទេ? ពីព្រោះមើលទៅមានស្លាក ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានចម្ងាយឆ្ងាយពីទីប្រជុំជន កន្លែងខ្លះ ទៅដល់ជិតទីប្រជុំជន បែរជាមានកំណត់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទៅវិញ និងសូមដាក់ បន្ថែម ស្លាកសញ្ញា។
ចម្លើយ៖ក្រសួងទទួលស្គាល់ការបំពាក់ផ្លាកសញ្ញាកំណត់ល្បឿនលើផ្លូវជាតិមិនទាន់ល្អឥតខ្ចោះនៅឡើយទេ។

៦-រថយន្តរត់ខុសគន្លងត្រូវពិន័យ ចុះម៉ូតូអត្រាបង្កគ្រោះថ្នាក់ខ្ពស់ពិន័យដែរឬទេ? ការកំណត់ទាំងល្បឿន និងគន្លង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬដើម្បីប្រាក់ពិន័យ? ផ្លូវមានទៅមានមក ចុះអ្នកបញ្ច្រាស់សមត្ថកិច្ចមិនដឹង
ចម្លើយ៖ ក្រសួងបានចេញប្រកាសលេខ.២៤៧ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការប្រើប្រាស់ទ្រូងផ្លូវ មានការបែងចែកគន្លងផ្លូវសម្រាប់ម៉ូតូ និងរថយន្ត។ ទាក់ទងការពិន័យម៉ូតូបើកខុសទិសចរាចរណ៍ ត្រូវពិន័យជាទឹកប្រាក់ចំនួន ១០ម៉ឺនរៀល។

៧-តើក្រសួងមានវិធានការចំពោះអ្នកបើកបរទាំងឡាយណា ដែលបើកបរមិនស្ថិតនៅក្នុងគន្លងដែរឬទេ? ហេតុអ្វីបានជាកម្ពុជាមានលុយសង់ផ្លូវតែអត់មានលុយគូសគំនូសផ្លូវ ពីព្រោះផ្លូវច្រើនសង់បានស្អាតល្អ តែរកគន្លងត្រឹមត្រូវជិះមិនបាន។
ចម្លើយ៖ សញ្ញាចរាចរណ៍មានផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញា នៅមានការខ្វះខាតមែន ដោយមូលហេតុថវិកាក្នុងការបំពាក់តាមផ្លូវជាតិ និងតាមផ្លូវផ្សេងៗ មិនទាន់មានគ្រប់គ្រាន់ ក្រសួងកំពុងស្វែងរកប្រភពថវិកាដើម្បីបំពេញបន្ថែម។

៨-ការធ្វើផ្លូវហើយមិនមានប្រព័ន្ធបង្ហូរទឹកចេញផ្លូវជាយក្រុង ឬនៅតាមខេត្ត ម្ចាស់ដីមានការចាក់ដីលុប ឬធ្វើសំណង់អមសងខាងផ្លូវដែលខ្ពស់ជាងផ្លូវនៅពេលភ្លៀងធ្លាក់មានភក់ជ្រាំខូចផ្លូវបាក់ស្រុតយ៉ាងឆាប់រហ័ស តើក្រសួងមានវិធានការ ឬច្បាប់គ្រប់គ្រងការសាងសង់សំណង់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ដែរឬទេ?

ចម្លើយ៖ចំពោះការរំលោភដីចំណីផ្លូវ ក្រសួងមានច្បាប់ ស្ដីពីផ្លូវថ្នល់ ប៉ុន្តែរហូតដល់ពេលនេះ ក្រសួងមិនទាន់មានសមត្ថកិច្ច ដើម្បីអនុវត្តបណ្ដាវិធានការពាក់ព័ន្ធនៅឡើយទេ ម្យ៉ាងទៀត កិច្ចការនេះទាមទារការចូលរួមអនុវត្តច្បាប់ពីបងប្អូនប្រជាពលរដ្ឋ។

៩-ហេតុអ្វីបានជាក្រសួងមិនព្រមប្រើភ្លើងសញ្ញាចរាចរណ៍ជាលេខទាំងអស់?
ចម្លើយ៖ ភ្លើងសញ្ញាចរាចរណ៍ទាំងអស់ ដែលបំពាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវបានបញ្ជាទិញដោយក្រសួង ឬរដ្ឋាភិបាលទេ។ ភ្លើងសញ្ញាចរាចរណ៍ភាគច្រើនទទួលបានការឧបត្ថម្ភពីប្រទេសផ្សេងៗ។ ហើយការឧបត្ថម្ភនោះទៀតសោធគឺ ទៅតាមបទដ្ឋានដែលប្រទេសគេប្រើប្រាស់។ ដោយមូលហេតុនេះការបំពាក់នៅគ្រប់កន្លែង គឺមិនដូចគ្នា ហើយម្យ៉ាងទៀត ប្រទេសយើងក៏មិនទាន់មានបទដ្ឋានស្តង់ដាណាមួយ ដែលកំណត់ប្រភេទ ភ្លើងសញ្ញាចរាចរណ៍ដែលត្រូវប្រើប្រាស់នៅកម្ពុជាផងដែរ។

១០-មូលហេតុអ្វីដែលផ្លូវជាតិលេខ៣ នៅម្ដុំរង្វង់មូលចោមចៅមិនសូវមានកន្លែងអាចបត់ត្រឡប់ក្រោយបាន?
ចម្លើយ៖ ផ្លូវនេះជាផ្លូវ ៤គន្លង អ្នកធ្វើដំណើរតែងតែចង់ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ខ្លួនបានលឿនឆាប់រហ័សប្រើប្រាស់រយៈពេលខ្លី នេះជាចំណង់របស់អ្នកប្រើប្រាស់ផ្លូវ ការបើកទ្រូងផ្លូវច្រើន ចលនានៃការបត់ចុះឡើងនៅចន្លោះដែលដាច់ទ្រូងផ្លូវ ធ្វើឱ្យអ្នកធ្វើដំណើរត្រង់ទៅមកមានការយឺតយ៉ាវ អ្នកបច្ចេកទេសតែងតែរិះគិតធ្វើយ៉ាងណាឱ្យចរាចរណ៍រលូនទាំងសងខាង ទាំងអ្នកចង់បត់ និងអ្នកធ្វើដំណើរត្រង់។

១១-ខ្ញុំឃើញផ្លាកសញ្ញាផ្លូវជាតិលេខ៣ នៅត្រង់ស្ពានអាកាសខាងត្បូងវត្តស្លែងកំណត់ ២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមកដល់ខាងជើងស្តុបវត្តស្លែងដាក់ផ្លាកកំណត់ល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោងវិញ ហើយមកដល់ខាងជើងសាលារៀនពងទឹក មិនដល់មួយគីឡូម៉ែត្រផង ហេតុអីមានដាក់ផ្លាកកំណត់ល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងវិញ?
ចម្លើយ៖ ការកំណត់ល្បឿន ការកំណត់ព្រំដែនទីប្រជុំជន និងក្រៅទីប្រជុំជន គឺនៅមានភាពស្មុគ្រស្មាញ។ សវនកម្មសុវត្ថិភាពផ្លូវថ្នល់ មាន ៣ដំណាក់កាល គឺ តំណាក់កាលឌីហ្សាញ តំណាក់កាលក្នុងពេលសាងសង់ និងតំណាក់កាលក្រោយពេលសាងសង់។ ពេលខ្លះនៃការសាងសង់ផ្លូវ អាចមានភាពយឺតយ៉ាវជាងការរីកចម្រើននៃតំបន់ដែលប្រជាជនរស់នៅ។ ដូច្នេះក្រសួងនឹងពិនិត្យ និងការកែសម្រួលសុវត្ថិភាពផ្លូវថ្នល់នេះ ក្នុងតំណាក់កាលក្រោយពេលសាងសង់រួច។

១២-ដើម្បីងាយស្រួលក្នុងការមើលឃើញល្បឿនកំណត់ តើក្រសួងមានផែនការសរសេរលេខល្បឿន កំណត់ដោយផ្ទាល់នៅលើដងផ្លូវដែរឬទេ?
ចម្លើយ៖ ការសរសេរលេខល្បឿនកំណត់នៅលើដងផ្លូវ គឺប្រទេសយើងអាចនឹងឈានដល់ការសរសេរលេខល្បឿនលើទ្រូងផ្លូវបាន ប៉ុន្តែយើងត្រូវបង្កើនកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ផ្លូវជាមុនសិន ដូចជា មិនត្រូវបើកកិនលើគំនូសលើទ្រូងផ្លូវ ការមិនគោរពគន្លងផ្លូវរបស់ខ្លួន ដែលធ្វើឱ្យគំនូសផ្លូវរបស់យើងឆាប់នឹងរលុប និងត្រូវគូសឡើងវិញ។

១៣-តើរថយន្តធុនធ្ងន់ដែលរត់គន្លងខាងឆ្វេងខុសដែរឬទេ?
ចម្លើយ៖ រថយន្តធុនធ្ងន់បើកបរនៅគន្លងខាងឆ្វេងគឺមិនត្រឹមត្រូវទេ ព្រោះរថយន្តធុនធ្ងន់មានល្បឿនយឺត ត្រូវបើកនៅគន្លងខាងស្តាំ។ សម្រាប់ការជែង រថយន្តធុនធ្ងន់អាចជែងរថយន្តមានផ្សេង ដោយប្រើប្រាស់គន្លងខាងឆ្វេង ដោយមិនត្រូវប្រើប្រាស់ល្បឿនលើសពីច្បាប់កំណត់ឡើយ ហើយនៅពេលជែងរួចត្រូវត្រឡប់ចូលមកគន្លងខាងស្តាំរបស់ខ្លួនវិញ ។

១៤-ទោះក្នុងទីប្រជុំជន ផ្លូវជាតិគួរតែកំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងក្រុងរបស់ប្រទេសគេ បើកចាប់ពីល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ
ចម្លើយ៖ ទីប្រជុំជនរួមមាន ជាផ្សារ សាលារៀន មន្ទីរពេទ្យ ដែលមានមនុស្សរស់នៅកុះករ ហើយការកំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ទីប្រជុំជនបែបនេះ គឺមិនអាចទៅរួចទេ។

១៥-ការបើកលើសល្បឿនកំណត់ តើត្រូវផាកពិន័យដោយប៉ូលីស ឬផាកពិន័យដល់ផ្ទះ ឃើញសុទ្ធតែ ហាមបត់ត្រឡប់ក្រោយលើផ្លូវជាតិលេខ៣ តើនេះជាការហាមឃាត់ដែរឬទេ?
ចម្លើយ៖ ការផាកពិន័យចំពោះបទល្មើស មានពីររូបភាពគឺ៖ បច្ចុប្បន្ននេះ គឺក្រោមរូបភាពប្រគល់ប័ណ្ណផាកពិន័យដល់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ឱ្យទៅបង់នៅកន្លែងដែលត្រូវកំណត់ដោយនគរបាលចរាចរណ៍ ហើយនៅពេលបច្ចេកវិទ្យាទំនើប ដូចជាការប្រើកាមេរ៉ាចាប់ល្បឿននៅតាមផ្លូវ ក៏ដូចជាការចុះបញ្ជីយានយន្តដែលមានអាសយដ្ឋានរបស់អ្នកប្រើប្រាស់យានយន្តបានច្បាស់លាស់ នោះវិក័យបត្រពិន័យនឹងផ្ញើទៅដល់អាសយដ្ឋានរបស់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍តែម្តង។
ការហាមបត់ត្រឡប់ក្រោយ គឺជាការរំខានដល់អ្នកធ្វើដំណើរទាំងពីរទិស ដូច្នេះហើយទើបផ្លូវជាតិលេខ៣ មានផ្លូវបង់ត្រឡប់ក្រោយតែ ៥កន្លែងប៉ុណ្ណោះ។ នៅត្រង់ផ្លូវប្រសព្វដែលមានផ្លាកហាមបត់ត្រឡប់ក្រោយ អ្នកបើកបរមិនអាចបត់ត្រឡប់ក្រោយបានទេ។ ប្រសិនបើបត់ត្រឡប់ក្រោយ អ្នកបើកបរត្រូវទទួលពិន័យពីនគរបាលចរាចរណ៍។

១៦-តើក្រសួងអាចចែករំលែកជាសាធារណៈទីតាំងផ្លាកសញ្ញាកំណត់ល្បឿនជាទិន្នន័យផែនទីនៅលើ google earth ឬ google map បានដែរឬទេ?
ចម្លើយ៖ ដោយសារនៅតាមដងផ្លូវមានបំពាល់ផ្លាកសញ្ញាកំណត់ល្បឿនរួចជាស្រេច អ្នកបើកបរអាចមើលផ្លាកសញ្ញាតាមដងផ្លូវនោះបាន ជាជាងការផ្តោតអារម្មណ៍ទៅលើកម្មវិធី google earth ឬ google map ដែលមាននៅក្នុងទូរស័ព្ទដៃ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

១៧-តើហេតុអ្វីត្រូវផាកពិន័យនៅពេលកំពុងធ្វើដំណើរនៅភ្លើងសញ្ញាពណ៌បៃតងដែលតម្រូវឱ្យបត់ឆ្វេង ស្របពេលដែលកំពុងធ្វើដំណើរទៅដល់ពាក់កណ្ដាលផ្លូវ បញ្ជាក់ (បានធ្វើដំណើរហួសគំនូសថ្មើរជើងទៅ ហើយនៅចំកណ្ដាលផ្លូវបំបែកជាបួនតែម្ដង នៅពេលនោះដោយមានការកកស្ទះ ទើបមិនអាចបន្តទៅ មុខទៀតបាន ដោយរង់ចាំនៅចំកណ្ដាលផ្លូវរហូតដល់លោតភ្លើងក្រហម ស្របពេលនោះដែរ ផ្លូវក៏លែង កកស្ទះ ទើបសម្រេចចិត្តធ្វើដំណើរទៅមុខបន្ត ព្រោះមិនអាចឈប់ចាំនៅចំកណ្ដាលផ្លូវបានទេ តើត្រូវផាកពិន័យឬទេ?
ចម្លើយ ភ្លើងសញ្ញាចរាចរណ៍បៃតងអ្នកបើកបរអាចធ្វើដំណើរទៅមកបានបើផ្លូវ ទំនេរ និងជឿជាក់ថាអាចឆ្លងផុតផ្លូវប្រសព្វ។ អ្នកបើកបរមិនត្រូវបើកចូលទៅក្នុងផ្លូវប្រសព្វឡើយ ប្រសិនបើអំពើនេះអាចតម្រូវឱ្យខ្លួនបញ្ឈប់យាន្តជំនិះនៅក្នុងផ្លូវប្រសពដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយទៅកាន់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមបានចូលរួមជាសារបញ្ចេញមតិ ដែលភាគច្រើនបានចាប់អារម្មណ៍ ក៏ដូចជាមានចម្ងល់ផ្សេងៗទាក់ទងនឹងផ្លាកសញ្ញាកំណត់ល្បឿន កាមេរ៉ាចាប់ល្បឿនតាមបណ្ដោយផ្លូវ និងផ្លាកសញ្ញាចរាចរណ៍ផ្សេងទៀត ដែលបានកំណត់នៅលើផ្លូវជាតិលេខ៣ផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×