ខេត្តកំពត ៖ អាជ្ញាធរស្រុកអង្គរជ័យ បានសហការជាមួយមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងកកស្ទះសំរាមនៅផ្សារតានី ដែលស្ថិតក្នុងស្រុកអង្គជ័យ ខេត្តកំពតនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ។ បន្ទាប់ពីបានចុះពិនិត្យទីតាំងកកស្ទះសំរាមជាក់ស្តែងរួច អាជ្ញាធរស្រុកអង្គរជ័យ និងមន្ត្រីជំនាញបរិស្ថាននៃមន្ទីរបរិស្ថានខេត្ត បានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយករណីកកស្ទះសំរាមនៅផ្សារតានី ជាមួយម្ចាស់ផាស៊ីផ្សារ ដើម្បីដោះស្រាយយកសំរាមចេញជាបន្ទាន់។ ករណីនេះជាលើកទី៤ហើយ ដែលមន្ទីរបរិស្ថាន និងអាជ្ញាធរមូលបានចុះពិនិត្យ និងពិភាក្សាជាមួយម្ចាស់ផាស៊ីផ្សារតានីតាំងពីមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកម្លេះ ប៉ុន្តែម្ចាស់ផាស៊ីផ្សារ ដោះសារជាហូរហែរ មិនអនុវត្តតាមការណែនាំរបស់ក្រុមការងារឡើយ។
ជាលទ្ធផលនៃការពិភាក្សានេះ គឺតម្រូវឲ្យម្ចាស់ទទួលផាស៊ីផ្សារតានី ទទួលយកតាមការណែនាំដូចខាងក្រោម៖ត្រូវធ្វើការដឹកជញ្ចូនសំរាមក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ឲ្យបានស្អាតជាប្រចាំ ត្រូវដាក់ធុងស្តុកសំរាមចំនួន៦ធុង នៅជុំវិញផ្សារ ត្រូវរៀបចំ និងដាក់ប៉ាណូអប់រំខ្លឹមសារអនុក្រិត្យលេខ 113 ត្រូវរកកម្មករអនាម័យបន្ថែម ដើម្បីធានាការប្រមូលសំរាម ឲ្យអស់ និង ស្អាតជានិច្ច មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តកំពត និងសហការជាមួយអាជ្ញាធរស្រុកអង្គរជ័យ រៀបចំកម្មវិធីអប់រំនិងផ្សព្វផ្សាយខ្លឹមសារ អនុក្រឹត្យលេខ113 ជូនដល់ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារតានីបន្ទាប់ពីកិច្ចប្រជុំចប់ ម្ចាស់ផាស៊ីផ្សារតានី យល់ព្រមតាមការណែនាំខាងលើ និងបានដោះស្រាយសំរាមដែលកកស្ទះនេះ ចេញឲ្យអស់។
អាជីវករផ្សាតានីបានចោទប្រកាន់លោកប្រធានផ្សាតានីថា លួចយកសំរាមមកចាក់បិតផ្លូវ។ អ្នកលក់ដូរជាច្រើននាក់ និងធ្វើដំណើចេញចូលផ្សារតានីនិយាយស្រដៀងគ្នាថា អ្នករៀបចំផ្សារតានីមិនគួរទុកសំរាមឱ្យស្អុយបែបនេះសោះ ព្រោះរដូវភ្លៀងធ្លាក់ផងហើយអ្នកដើរឆ្លងកាត់គំនរសំរាមនេះម្នាក់ៗសុទ្ធតែយកដៃបិទច្រមុះ ។ រឿងសំរាមទុកនៅផ្លូវចេញចូលនោះ អ្នកលក់ក៏ដាក់នៅទីនោះ អ្នកមានផ្ទះជិតនោះក៏យកមកចាក់ចោលទីនោះដែរ ហើយនាពេលកន្លងមកអ្នកគ្រប់គ្រងសំរាម ហាក់មិនយកចិត្តទុកដាក់នោះទេ៕ ដោយ ៖ បញ្ញាស័ក្តិ