ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បានប្រកាសថា ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់អ៊ីនធើណិត ដោយឥតគិតថ្លៃនោះ ឧបករណ៍ប្រព័ន្ធអ៊ីនធើណិត នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ហើយនឹងត្រូវបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាឆាប់ៗនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍: ពិធីប្រកាសសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការគម្រោងឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wifi និង Digital Connectivity for School នៅទីតាំងចំនួន ៥កន្លែង ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅបរិវេណ វិមានឯករាជ្យ នាគបាញ់ទឹក។
ដើម្បីងាយស្រួលសម្រាប់ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ដែលដើរលេងកម្សាន្តនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ដែលមានល្បឿន 1Gps (រហ្សីហ្គាប៊ីតក្នុងមួយវិនាទី) ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដំឡើងឧបករណ៍ប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ជាស្ថាពរ ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃបានហើយ ចាប់ពីថ្ងៃនេះតទៅ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ទូរគមនាគមន៍កម្ពុជា (Telecom Cambodia) បានបញ្ជាក់ថាសូមជំរាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ចាប់ពីថ្ងៃនេះទៅលោក-អ្នកអាចប្រើប្រាស់សេវាអ៊ីនធើណិត Public Wi-Fi ដោយមិនគិតថ្លៃ ដោយគ្រាន់តែជ្រើសរើសយក TC Free Wi-Fi នៅតាមបណ្តោយសួនច្បារ វិមានឯករាជ្យដល់ស្ពានឆ្លងទៅកោះពេជ្រ និងសួនច្បារមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ អ៊ីនធើណិត(Public Wi-Fi) ជាអ៊ីនធើណិតល្បឿនលឿន និងបច្ចេកវិទ្យាទំនើប ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ(Korea Telecom) នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា។ សូមប្រើប្រាស់ដោយក្តីរីករាយ តាមសេចក្តីត្រូវការ”។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ភាគីកូរ៉េខាងត្បូង បានផ្ដល់ជូនទូរគមនាគមន៍កម្ពុជា នូវជំនួយឥតសំណង គម្រោងអ៊ីនធើណិតសាធារណៈ Public Wifi និង Digital Conectivity for School ដើម្បីធ្វើការដំឡើងនៅទីតាំងចំនួន ៥កន្លែង រួមមាន៖ ទី១៖ សួនច្បារសម្ដេច ហ៊ុន សែន ទី២៖ សួនច្បារមុខព្រះបរមរាជវាំង ទី៣៖ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទី៤៖ វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៥៖ នៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕ ដោយ៖បញ្ញាស័ក្តិ