ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ០២ រួមមាន ១) ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារ មីនដំណាក់កាលទី ២ ដែលមានទឹកប្រាក់ចំនួន២.០០០ លានយ៉េន (ប្រមាណ ១៨,២ លានដុល្លារ) និង ២) ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦ លានយ៉េន (ប្រមាណ ២៥,៣ លានដុល្លារ) កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។

ពាក់ព័ន្ធនិងបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញឱ្យឃើញច្បាស់ នូវការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការជួយដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា តាមរយៈការអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះ គឺដើម្បីបំបែកភាពជាប់គាំង និងបើកផ្លូវឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។
ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីផែនការរបស់ឯកឧត្ដម ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ពីថ្ងៃទី ២០-២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


