ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញ បានធ្វើការជំរុញជាថ្មីឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តដាក់ខ្ពស់លើកិច្ចការពារ សន្តិសុខ សុវត្ថិភាពនិងការងារជួយសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីបដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤វិច្ឆិកានេះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលអធិបតីក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធម្តងទៀត កាលពីរសៀលថ្ងៃទី៣១តុលា នៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជាក់បន្ថែមពីផែនការ សម្រាប់កិច្ចការការពារសន្តិសុខ សុវត្ថិភាពនិងការងារជួយសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះចាប់ផ្តើមឡើងពីថ្ងៃទី២ដល់ទី៤វិច្ឆិកា តាមដងទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បៈគ្រប់ទាំង៣ថ្ងៃ។
លោក អភិបាល ក៏បានណែនាំឱ្យមន្ត្រីគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់បំពេញការងាររៀងខ្លួនឱ្យបានល្អបំផុត ដើម្បីឱ្យព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងអធិកអធម និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀតត្រូវដាក់រថយន្តសង្គ្រោះបន្ទាន់និងគ្រូពេទ្យជាប់ជាប្រចាំ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពេលដែលពួកគាត់មានបញ្ហាសុខភាពអ្វីមូយកើតឡើង ដូចជាខ្យល់គរជាដើម។
ជាមួយគ្នានេះដែរលោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងរៀបចំបង្គន់អនាម័យ ប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងឲ្យបានសមរម្យ ការដាក់ពង្រាយធុង ថង់សំរាម និងការណែនាំអប់រំ អាជីវករ ប្រជាពលរដ្ឋអោយបានយល់និងទុកដាក់សម្រាមអោយបានត្រឹមត្រូវទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕ ដោយ៖កូឡាប