នេះគឺជាខណៈពេលដ៏រន្ធត់ និងចាត់ទុកជាសំណាងមួយ ក្នុង១ម៉ឺនគ្រោះថ្នាក់ នៅពេលដែលបុរសម្នាក់ បានកំពុងអង្គុយខាងក្រោយគូទរថយន្ត ឈប់នៅអែបចិញ្ចើមផ្លូវ ស្រាប់តែរំពេចនោះ មានរថយន្ត១គ្រឿងទៀត បើកមកបុកពីក្រោយយ៉ាងសាហាវតែម្តង។ ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅផ្លូវខាងស្តាំដៃ ក្បែរផ្លូវរូងក្រោមដីមួយកន្លែង នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
តាមរយៈវីដេអូ បានបង្ហាញនៅមុនពេលកើតហេតុ បុរសម្នាក់ត្រូវបានឃើញកំពុងអង្គុយខាងក្រោយគូទរថយន្តតូច១គ្រឿង ដែលមើលទៅដូចជា Volkswagen Kombi មានម៉ាស៊ីននៅខាងក្រោយ។ រថយន្តនេះបានខូច ហើយបុរសជាជនរងគ្រោះ បានចុះជួសជុលខណៈអ្នកបើកបរកំពុងអង្គុយនៅក្នុងរថយន្ត។
តែទោះយ៉ាងណា រំពេចនោះ ក៏មានរថយន្តពណ៌ស១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកពីក្រោយរថយន្តតូចនោះ បណ្តាលឲ្យបុរសនោះ ស្ទើរតែជាប់កណ្តាលរថយន្តតែម្តង។ កម្លាំងនៃការបុក បានបណ្តាលឲ្យរថយន្តមីនី ខ្ទាតទៅបុកផ្ទប់នឹងរថយន្ត១គ្រឿងទៀតកំពុងឈប់ខាងមុខ ខណៈរថយន្តបង្កបានខ្ទាតទៅកណ្តាលផ្លូវ។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្ស៣នាក់ រងរបួស ប៉ុន្តែ សំណាងល្អមិនធ្ងន់ធ្ងរ។
ការឈប់ ថតរថយន្ត នៅម្ខាងនៃផ្លូវ គឺអ្នកបើកបរជាច្រើននៅតែធ្វើខុស។ ហេតុនេះ ក្នុងករណីរថយន្តខូច ហើយត្រូវជួសជុល នោះសុវត្ថិភាពដ៏ចម្បង គឺអ្នកបើកបរត្រូវតែបើកភ្លើងសុំផ្លូវ ឬ ដាក់សញ្ញាដូចជាមែកឈើ នៅចម្ងាយយ៉ាងតិច១០ ម៉ែត្រ ពីរថយន្ត ដើម្បីព្រមានដល់អ្នកបើកបរផ្សេងទៀត មានការប្រុងប្រយ័ត្នជាមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



