ភ្នំពេញ ៖ ក្នុងដំណើរការឆ្ពៅទៅរកការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ លោកប្រធានគ.ជ.ប ប្រកាន់ភ្ជាប់ចក្ខុវិស័យរបស់ខ្លួន គ.ជ.ប អនុវត្តន៍គោលការណ៍ ៧យ៉ាង គឺឯករាជ្យភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា ស្របតាមសច្ចភាពបនៃស្តង់ដារនៃការបោះឆ្នោតអន្តរជាតិ ដេលចែកជាសកល ៣ សំខាន់ គឺផ្តល់ព័ត៌មានយ៉ាងមានប្រសិទ្ធភាពរវាងអង្គសំខាន់ៗ បំពេញការងារ ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត និងតម្លាភាពបំផុត។
ពិធីប្រកាសបិទ កម្មវិធីផ្សព្វផ្សាយយលដឹងអំពីការបោះឆ្នោត ដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្ត្រាចារ្យ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅសាលប្រជុំសាលាគរុកោសល្យខេត្តតាកែវ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងថា គ.ជ.ប បានប្តេជ្ញាអនុវត្តន៍ការងារឲ្យបានត្រឹមត្រូវដូចមានចែងក្នុងមាត្រា ១៥០ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ គឺគ.ជ.ប ត្រូវអនុវត្តន៍សមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកប្រធាន បានបញ្ជាក់ថា ប៉ុន្តែបើប្រាសចាកពីគន្លងនេះ បន្ទាប់ពីការបោះឆ្នោតនឹងនាំមកនូវភាពវឹកវរ និងអន្តរាយដល់ស្រុកទេស ដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងដូចប្រទេសដទៃទៀតបាននិងកំពុងជួបប្រទះ គឺមិនល្អទេ ហើយអ្វីដែលគ.ជ.ប កំពុងធ្វើ គឺមិនខុសពីទស្សនៈរបស់លោក MIROSLAV LAJCAK ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបំពេញមុខងារ តាំងពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៧ ដោយបានកត់សម្គាល់ថា ជម្លោះត្រូវតែបានដោះស្រាយនៅក្នុងបន្ទប់ ជាជាងនៅក្នុងសមរភូមិ សង្គ្រាមត្រូវបានបញ្ឈប់នៅមុនពេលវាផ្ទុះឡើង និងមិនរង់ចាំការបាត់បង់ជីវិតមនុស្សទើបចាប់ផ្តើមសកម្មភាពទេ។
ឆ្លើយតបទៅនឹងសំណួរ តើអ្នកចេញទៅបោះឆ្នោតតិចឬច្រើនអាចប៉ះពាល់ការបោះឆ្នោតដែរឬទេ? លោកប្រធានគ.ជ.ប បានឆ្លើយថា គ្មានប៉ះពាល់ទាល់តែសោះព្រោះច្បាប់កម្ពុជាមិនបានចែងពីអត្រានៃចំនួនអ្នកចេញទៅបោះឆ្នោតទេ ហើយច្បាប់អឺរ៉ុប និងរដ្ឋធម្មនុញ្ញអឺរ៉ុប គឺគ្មានចែងនោះដែរ ហើយសូម្បីតែអ្នកចេញទៅបោះឆ្នោតមានចំនួន៣០ភាគរយ ក៏អឺរ៉ុបមិនបដិសេធលទ្ធផលបោះឆ្នោតដែរ។
សំណួរសួរទៀតថា តើអ្នកសង្កេតការណ៍ជាតិ អន្តរជាតិតិចឬច្រើន ប៉ះពាល់ដល់ការបោះឆ្នោតដែរឬទេ? លោកប្រធានបានលើកឡើងថា មាត្រា១០នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា អ្នកសង្កេតការរណ៍ដែលជាសមាគម អង្គការជាតិ និងអន្តរជាតិ អាចចូលរួមសង្កេតការណ៍ គឺមិនបានចែកដោយចាប់បង្ខំឲ្យចូលរួមនោះទេ។
ជាស្ថាប័នច្បាប់ និងបច្ចេកទេសសុទ្ធសាធនោះ លោកស៊ិក ប៊ុនហុក បានលើកឡើងថា “បើច្បាប់ឲ្យធ្វើអីខ្ញុំធ្វើហ្នឹង ព្រោះខ្ញុំជាអ្នកច្បាប់តាំងពីក្មេងមកម្ល៉េះ ហើយក៏គ្មាននរណា ប្រទេសណា ឬស្ថាប័នណាមកអូសទាញឲ្យប្រាសចាកពីគន្លងច្បាប់នេះបានទេ បើខ្ញុំលម្អៀងស្មានថាគេមិនដឹងនោះ បើមានអ្នកជំនាញ នៅពេញទឹកពេញដីជាមួយខ្ញុំនោះ ហើយតើបានប្រយោជន៍អ្វីបើឲ្យមានាករបះបោរដែលកើតចេញពីការបោះឆ្នោតនោះ”៕ ដោយ ៖ បញ្ញាស័ក្តិ