ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន (Moon Jae-in) បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងត្បូងគ្មានថ្ងៃទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរនោះឡើយ ហើយកូរ៉េខាងត្បូងខ្លួនឯងក៏នឹងមិនផលិតអាវុធប្រល័យលោកនេះដែរ។ការថ្លែងរបស់លោក ម៉ូនធ្វើឡើង ខណៈដែលប្រទេសចិន បានប្តេជ្ញាធ្វើកិច្ចការដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ ដោយទុកជម្លោះមួយកូរ៉េខាងត្បូងនៅមួយឡែកសិន ជុំវិញការតំឡើងប្រព័ន្ធការពារមីស៊ីល (THAAD)។
វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនឹងក្លាយជាប្រធាបទសំខាន់មួយ នៅពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំចាប់ផ្តើមដំំណើរទស្សនៈកិច្ចមកកាន់តំបន់អាស៊ីនៅចុងសប្តាហ៍ និងបង្កើនកិច្ចការការទូត មុនពេលដំណើរទស្សនៈកិច្ចនោះ។
ថ្លែងទៅកាន់សភាជាតិ លោក ម៉ូនបាននិយាយថា គ្មានវិធានការយោធាណាមួយកើតឡើងនៅឧបទ្វីបកូរ៉េទេ ប្រសិនមិនមានការយល់ព្រមពីកូរ៉េខាងត្បូង ហើយរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការដើម្បីសន្តិភាពនៅឧបទ្វីប។
“ផ្អែកលើសេចក្តីប្រកាសរួមស្តីពីការគ្មានអាវុធនុយក្លេអ៊ែរធ្វើឡើងដោយកូរ៉េខាងជលង និងកូរ៉េខាងត្បូង ពួកយើងមិនអាចទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរឡើយ។ ចំនែកពួកយើងវិញ មិនអភិវឌ្ឍនុយក្លេអ៊ែរ ឬក៍មានវាឡើយ”។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំង និងសេអ៊ូល នឹងបន្តប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ បន្ទាប់ពីមានការជួបប្រជុំនៅទីក្រុងប៉េកាំង រវាងអ្នកតំណាងកិច្ចប្រជុំ ៦ភាគីរបស់កូរ៉េខាងត្បូង និងចិន។