Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាលធនាគារកណ្តាលកម្ពុជា៖ ធនាគារកណ្តាលកម្ពុជា-វៀតណាមកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ និងជំរុញការទូទាត់អេឡិកត្រូនិចតាមព្រំដែន

ថ្លែងក្នុងជំនួបរវាងឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាមតែងតែរៀបចំកិច្ចប្រជុំទ្វេភាគីជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងបានដាក់ចេញនូវផែនការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ឯកឧត្តមមានប្រសាសន៍បន្តថា ក្រោមការគាំទ្ររបស់រដ្ឋាភិបាលនិងស្ថានទូតវៀតណាម កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរត្រូវបានលើកកម្ពស់ជាលំដាប់លើចំណុចសំខាន់ៗបីរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស សមាហរណកម្មវិស័យធនាគារ និងការអភិវឌ្ឍប្រព័ន្ធទូទាត់ ជាពិសេសការជំរុញការទូទាត់អេឡិកត្រូនិច។  ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យធនាគារ។

ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងការកោតសរសើរធនាគារពាណិជ្ជវៀតណាមនៅកម្ពុជា ដែលបានរួមចំណែកគោរពច្បាប់និងបទប្បញ្ញតិ្ត និងការអភិវឌ្ឍវិស័យធនាគារ ព្រមទាំងចូលរួមក្នុងកិច្ចការសង្គមនានា។ ធនាគារកណ្តាលទាំងពីរក៏កំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ ជាពិសេសជំរុញការទូទាត់អេឡិកត្រូនិច ដើម្បីសម្រួលពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ក៏ដូចជាការទូទាត់នានានៅតាមព្រំដែន។ រហូតមកដល់បច្ចុប្បន្ន មានមន្ត្រីធនាគារជាតិនៃកម្ពុជាចំនួន ២៣ រូប បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីប្រទេសវៀតណាម។ ដោយឡែក ធនាគារពាណិជ្ជវៀតណាមចំនួន ៥ និងការិយាល័យតំណាងចំនួន ១ កំពុងមានប្រតិបត្តិការនៅកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល ក៏បានជម្រាបជូនពីសេដ្ឋកិច្ចកម្ពុជាដែលសម្រេចបាននៅឆ្នាំ២០២១កន្លងទៅ ដោយកំណើនសេដ្ឋកិច្ចបានងើបឡើងវិញ ហើយអត្រាអតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបានប្រមាណ ៣% ជាមួយនឹងការរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលបានការពារអំណាចទិញនៃប្រាក់រៀល។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានបន្តអនុវត្តគោលនយោបាយគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចផងដែរ។ ម៉្យាងទៀត ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់មេដាយដល់អតីតជំនាញការវៀតណាម (Commission K) ដែលបានរួមចំណែកក្នុងការស្តារនិងអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឡើងវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ទេសាភិបាល ដែលបានគាំទ្រធនាគារពាណិជ្ជវៀតណាមនៅកម្ពុជា និងបានរួមចំណែកពង្រឹងសហប្រតិបត្តិការនៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដែលរួមចំណែកគាំទ្រដល់ការរីកចម្រើនផ្នែកពាណិជ្ជកម្មនិងការវិយោគទ្វេភាគី។

ឯកឧត្តម ក៏បានអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស។

ឯកឧត្តម ក៏បានកត់សម្គាល់ផងដែរថា វិស័យធនាគារពិតជាបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយទោះបីជាស្ថិតក្នុងអំឡុងពេលកូវីដ-១៩ ក៏ដោយ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានបន្តកើនឡើងជិត ១០ ប៊ីលានដុល្លារអាមេរិក។ ជាចុងក្រោយ ឯកឧត្តម ក៏បានអញ្ជើញ ឯកឧត្តម ទេសាភិបាល និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋវៀតណាម ក៏ដូចជាលើកទឹកចិត្តឱ្យមានការធ្វើទស្សនកិច្ចទៅវិញទៅមកបន្ទាប់ពីវិបត្តិកូវីដ-១៩បានធូរស្រាល៕

 

 

×