Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបរឿងលោក កឹម សុខា និងមេធាវី បំភ្លៃសាធារណមតិ អំពីវីដេអូដែលជាភស្តុតាង ជាវីដេអូកាត់ត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានធ្វើការពន្យល់ បកស្រាយ និងព័ត៌មានពាក់ព័ន្ធលោក កឹម សុខា និងមេធាវី កំពុងព្យាយាមធ្វើការបំភ្លៃសាធារណមតិ អំពីវីដេអូ ដែលជាភស្តុតាងក្នុងសំណុំរឿងនេះ ថាជាវីដេអូកាត់ត ព្រោះខ្លួនដឹងថា ចំណុចស្លា.ប់រស់ក្នុងសំណុំរឿងនេះ គឺជាភស្តុតាងវីដេអូឃ្លីបនេះឯង គួបផ្សំជាមួយភស្តុតាងជាច្រើនផ្សេងទៀត។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា ក្នុងនាមជាអ្នកដែលបានសង្កេតនិងតាមដានសំណុំរឿងនេះ យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ចំនួន៤ចំណុចសំខាន់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុវត្តជាអន្តរជាតិ ដូចតទៅ៖

១-ភាគី លោក កឹម សុខា និងមេធាវី កំពុងព្យាយាមធ្វើការបំភ្លៃសាធារណមតិ អំពីវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងនេះ ថាជាវីដេអូកាត់ត ព្រោះខ្លួនដឹងថា ចំណុចស្លាប់រស់ក្នុងសំណុំរឿងនេះ គឺជាភស្តុតាងវីដេអូឃ្លីបនេះឯង គួបផ្សំជាមួយភស្តុតាងជាច្រើនផ្សេងទៀត។

២-ពាក់ព័ន្ធខ្លឹមសារនៃវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងនេះ មានចំណុចសំខាន់គួរឱ្យកត់សម្គាល់ចំនួន២ ដែលសាធារណជននិងអ្នកសង្កេតការណ៍ ក្នុងសវនាការសង្កេតឃើញ នាពេលកន្លងមក គឺ៖

ទី១- ភស្តុតាងជាវីដេអូ គឺរឹងមាំណាស់ ពុំមែនជាវីដេអូក្លែងក្លាយ ហើយក៏គ្មានការកាត់តខ្លឹមសារអ្វីឡើយ។ ភាគី លោក កឹម សុខា បានយកវីដេអូដើមមកផ្ទៀងផ្ទាត់នៅក្នុងសវនាការរបស់តុលាការរួចហើយ គឺ ខ្លឹមសារនៃសំដីរបស់ លោក កឹម សុខា នៅក្នុងវីដេអូភស្តុតាងដើម និងខ្លឹមសារនៃវីដេអូពេញលេញដែលភាគី លោក កឹម សុខា ដាក់ជូនតុលាការ គឺដូចគ្នាបេះបិទ គ្រាន់តែភាគី លោក កឹម សុខា យកវីដេអូពេញលេញដែលមានរយៈពេលជាងមួយម៉ោង ហើយដែលកន្លែងខ្លះគ្មានខ្លឹមសារពាក់ព័ន្ធសំណុំរឿង យកមកផ្ទៀងផ្ទាត់ ប៉ុន្តែ តុលាការត្រូវការតែខ្លឹមសារដែលពាក់ព័ន្ធនឹងរឿងឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តន៍ពណ៌តែប៉ុណ្ណោះ ដើម្បីធ្វើជាភស្តុតាងក្នុងសំណុំរឿង។

ទី២- ចំពោះវីដេអូ គឺប្រជាពលរដ្ឋដឹងគ្រប់គ្នាទាំងអស់ថា ក្នុងវីដេអូនោះ លោក កឹម សុខា ខ្លួនឯងបាននិយាយរៀបរាប់ អំពីផែនការដែលគាត់បានរៀបចំ ជាសម្ងាត់យូរមកហើយ ជាមួយបរទេស ដោយរាប់តាំងពីការជ្រើសរើស យកគាត់ទៅបណ្តុះបណ្តាលនៅបរទេស រហូតដល់ការដឹកនាំធ្វើសកម្មភាពក្នុងស្រុក ដោយមានការជួយ ឬចូលរួមពីបរទេស។ ផែនការដែលបានរៀបចំជាមួយបរទេសនោះ គឺផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដោយយកគំរូតាមស៊ែរប៊ី-យូហ្គូស្លាវី។ ប្រជាជនខ្មែរ បានដឹងអំពីរឿងនេះ និងដឹងអំពីខ្លឹមសារនៃការឃុបឃិតគ្នា ជាមួយបរទេសនេះយ៉ាងច្បាស់ នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈ។

៣-ចំពោះរឿងបរទេសមួយណា គឺតុលាការបានសម្រេចប្រើអក្សរជាតំណាងរដ្ឋបរទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា ជាមួយបរទេស។ ហើយរឿងបរទេសជួយ ដល់ជនជាប់ចោទនាពេលធ្វើសកម្មភាព គឺសាមីខ្លួនបានដឹងច្បាស់ណាស់ថា អ្នកណាខ្លះជួយ ហើយភស្តុតាងក្នុងសំណុំរឿង ក៏មានច្រើនណាស់។ កុំថាឡើយការធ្វើសកម្មភាពនានា របស់ជនជាប់ចោទ សូម្បីតែកម្មវិធីនយោបាយ របស់អតីតគណបក្សសង្រ្គោះជាតិ ក៏បរទេសជួយរៀបចំធ្វើឲ្យដែរ។ ប្រជាជនដឹងថា ភស្តុតាងក្នុងសំណុំរឿងមានច្បាស់ទាំងអស់ហ្នឹង។

៤-ចំពោះការចោទប្រកាន់ថា មានការអូសបន្លាយពេលវេលានៃសំណុំរឿងនេះ គឺជារឿងមិនសមស្របទេ ព្រោះរឿងនេះ ជាសំណុំរឿងដ៏ធំដែលពាក់ព័ន្ធ ដល់សន្តិសុខជាតិ ហើយភស្តុតាងមានច្រើនដែលត្រូវពិនិត្យ ហើយភាគីនៃសំណុំរឿងមានសិទ្ធិ ក្នុងការដាក់បន្ថែមភស្តុតាង ដើម្បីការពាររៀងៗខ្លួន។ តុលាការ ត្រូវដំណើរការដោយត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ដើម្បីធានាថា សិទ្ធិរបស់ភាគីត្រូវបានធានា ជាពិសេស សិទ្ធិការពារខ្លួនរបស់ជនជាប់ចោទ។ នៅស្រុកគេខ្លះ គេមាននីតិវិធីមួយ គឺ “To plead guilty” ឬ “Se plaider coupable” ដែលជនជាប់ចោទគាត់សហការសារភាព និងផ្តល់ភស្តុតាងថា គាត់បានប្រព្រឹត្តមែន ដើម្បីទទួលបានស្ថានសម្រាល ជាពិសេស ក្នុងសំណុំរឿងដែលអាជ្ញាធរ ឬរដ្ឋអាជ្ញាមានភស្តុតាងរឹងមាំក្នុងដៃដែលជនជាប់ចោទរើខ្លួន ឬដោះខ្លួនមិនរួច។ នៅពេលជនជាប់ចោទជ្រើសរើសយុទ្ធសាស្រ្ត “To plead guilty” គឺនឹងធ្វើអោយសំណុំរឿងឆាប់ចប់ ហើយជនជាប់ចោទទទួលបានស្ថានសម្រាលទោស។ នៅប្រទេសគេខ្លះ នីតិវិធីនេះជាការពេញនិយមណាស់ សម្រាប់ជនជាប់ចោទដែលដឹងខ្លួនខុស ហើយយល់ថា អាជ្ញាធរ ឬតុលាការមានភស្តុតាងរឹងមាំក្នុងដៃអស់ហើយ។

ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា នៅក្នុងសំណុំរឿង លោក កឹម សុខា នេះ ក៏ដូចគ្នាដែរ គឺសំណុំរឿងនេះ មានភស្តុតាងរឹងមាំណាស់ ហើយក្នុងនាមជាអ្នកតាមដាន និងសង្កេតលើសំណុំរឿងជាច្រើន នាពេលកន្លងមក ខ្ញុំមិនដែលឃើញសំណុំរឿង ដែលមានភស្តុតាងរឹងមាំ និងស៉ីចង្វាក់គ្នាយ៉ាងល្អ ដូចសំណុំរឿងមួយនេះទេ។ ជាទស្សនៈផ្ទាល់ខ្លួន ក្នុងសំណុំរឿងដែលគេមានភស្តុតាង ដាក់បន្ទុករឹងមាំ និងស៉ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទគួរប្រើយុទ្ធសាស្រ្ត “To plead guilty” ដើម្បីសុំឱ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីអោយនីតិវិធីឆាប់ចប់ ហើយយុទ្ធសាស្រ្តនេះ ក៏ត្រូវបានអនុវត្តនៅក្នុង បណ្តាប្រទេសប្រជាធិបតេយ្យធំៗជាច្រើនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×