ភ្នំពេញ ៖ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) នៅលើ អត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកាតាមបណ្តាញសង្គមរបស់ប្រទេសថៃ ឬ មិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិកា របស់ថៃដោយមិនដឹងខ្លួន។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ទង្វើខាងលើនេះ ធ្វើឱ្យ ព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ ភូតកុហក ញុះញុង និងបំបាក់ស្មារតី ដែលអាចគ្របដណ្តប់លុប លើសច្ចភាពនៅតាម បណ្តាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានផ្លូវការ របស់កម្ពុជា។ ទន្ទឹមនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៃ ChatGPT និង Gemini បាននិងកំពុងទាញយក ព័ត៌មានទាំងនោះទៅប្រើប្រាស់និងចែករំលែកកាន់តែច្រើន ដែលធ្វើឱ្យពិភពលោកយល់ច្រឡំថា ជាព័ត៌មានពិត ខណៈដែលព័ត៌មានទាំងនោះ កំពុងតែត្រូវបានប្រើប្រាស់ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងកំរោល របស់ថ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់ រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែល មានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ដោយត្រូវ៖
១. រាយការណ៍បញ្ហា (Report) និងប្លុក (Block) ទំព័រហ្វេសប៊ុក (Facebook Page) ឬគណនី ហ្វេសប៊ុក (Facebook Account) និងបណ្តាញសង្គមនានា ដែលមានប្រភពពីប្រទេសថៃ ឬ មិនមានប្រភពច្បាស់លាស់។
២. ចុចប្រតិកម្មកំហឹង (Angry/ © ) លើអត្ថបទ មាតិកា និង/ឬព័ត៌មាន ដែលបាននិងកំពុងផ្សព្វផ្សាយ យ៉ាងសកម្មលើទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីហ្វេសប៊ុក (Facebook Account) ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។
៣. ចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមលើកកម្ពស់ការយកចិត្តទុក ដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
ទន្ទឹមនេះដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមកោតសរសើរនិង លើកទឹកចិត្តដល់អ្នកផលិតមាតិកា និងសាធារណជនដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព សូមបន្តចូលរួម ផលិតមាតិកានិងផ្សព្វផ្សាយ និងចែកចាយបន្តសំឡេងនិងសច្ចភាពរបស់កម្ពុជា ទៅកាន់សកលលោកតាមរយៈ បណ្តាញសង្គមសំខាន់ៗផងដែរ។ ការចូលរួមចំណែកទាំងនេះ នឹងធ្វើឱ្យព័ត៌មានបំផ្លើស និងគ្មានសច្ចភាព របស់ថៃបាត់បង់ប្រជាប្រិយភាពនៅលើបណ្តាញសង្គមក៏ដូចជានៅលើបណ្តាញព័ត៌មានពិភពលោក។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សង្ឃឹមថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យ ព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយ គុណភាព ដើម្បីធានា ការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត និងសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី




