ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែ មីនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ឆបោកលុយជិត២ លានដុល្លារ ប្រព្រឹត្តអំឡុងឆ្នាំ២០២០ ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ អាតីតជាប្រធានចាត់ការទូទៅក្រុមហ៊ុន សឹង្ហបុរី មានទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកឯ ភាគីដើមបណ្តឹងឈ្មោះ SAMSON TAN BOON HUA ជាជនជាតិសិង្ហបុរី និង មានតួនាទី
ជានាយកក្រុមហ៊ុនជនជាតិសឹង្ហបុរី។ ជនសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា ៣៧៧ និង ៣៧៨ នៃច្បាប់ព្រហ្មទណ្ឌ ។
ជនសង្ស័យ ត្រូវចាប់ខ្លួន តាមដីកា បង្គាប់ឱ្យនាំខ្លួន របស់លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


