Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ដោះស្រាយ​រាល់​ចំណុច​សេសសល់ និង​សំណូមពរ​នានា ក្នុង​បុព្វហេតុ លើកកម្ពស់​វិស័យ​អប់រំ

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​នៃ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៧-២០១៨ នា​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​កម្ពុជា បានចេញសារលិខិត​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទូទាំងប្រទេស ត្រូវខិតខំ​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​ចំណេះដឹង ដើម្បី​បានជា​ពន្លឺ​នៃ​សុភមង្គល​ជីវិត​ទៅ​ថ្ងៃ​អនាគត​។ ចំណេះដឹង គឺជាទ្រព្យសម្បត្តិ ដែល​ពុំមាន​នរណាម្នាក់ ដណ្តើម​ឬ​លួច យកបាន​ឡើយ។

សម្តេច​តេ​ជោ បាន​បញ្ជាក់ថា “​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ និង​ប្រតិបត្តិ​ខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​ក្នុងសង្គម​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ បាន​ផ្តាំផ្ញើ​សិស្សានុសិស្ស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ ។ សូម​អរគុណ​លោកឪពុក​អ្នក​ម្តាយ អាណាព្យាបាល​សិស្ស ដែល​ផ្តល់ឱកាស​ឲ្យ​កូនចៅ បាន​សិក្សា​រៀនសូត្រ និង សូម​អរគុណ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន ផ្តល់​ចំណេះដឹង ដល់​កុលបុត្រ​ខ្មែរ​គ្រប់រូប ឲ្យ​ទទួលបាន​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ពិតប្រាកដ​ក្នុង​ជីវិត​”​។​

​ថ្ងៃ​បើក​បវេសនកាល នា​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ គឺជា​ថ្ងៃ​បង្ហាញ​នូវ​ឆន្ទៈ​មោះមុត និង​បុព្វហេតុ​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​អប់រំ ពិសេស​ជំរុញ​ការកសាងធនធានមនុស្ស ឲ្យ​ប្រកបដោយ​គុណភាព​។​ការអប់រំ​ល្អ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​បុគ្គល គ្រួសារ និង​សង្គមជាតិ​ទាំងមូល ព្រមទាំង​ទាក់ទាញ​ការវិនិយោគ ធុរកិច្ច បន្ថែមទៀត ពោល​ការអប់រំ​ល្អ​នឹង​នាំ​ដល់​ការផ្គត់ផ្គង់​ធនធានមនុស្ស កម្លាំង​ពលកម្ម​ដែលមាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ​ឆ្លើយតប​កាន់តែ​មាន​ប្រសិទ្ធភាព ទៅនឹង​ទីផ្សារការងារ និង​តម្រូវ​ការអភិវឌ្ឍ​សង្គមជាតិ​។ សង្គមជាតិ​មួយ​អាច​រីកចម្រើន អាស្រ័យ​ដោយ​សង្គមជាតិ​នោះ​សម្បូរ​ដោយ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល សមត្ថភាព​ដែល​អាច​ប្រែក្លាយ​សង្គមជាតិ​នោះ ឲ្យ​មានការ​អភិវឌ្ឍន៍​ជឿនលឿន​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ភាព​កាន់តែ​រឹងមាំ​។ ការអប់រំ​ល្អ​គឺជា​កូនសោ​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​សង្គម និង​សេដ្ឋកិច្ចជាតិ ។ ក្នុង​យុគសម័យ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​ព័ត៌មាន នេះ​ឧត្តមភាព​ប្រកួតប្រជែង​កាន់តែ​មាន​សារសំខាន់​នៅលើ​កត្តា​ធនធានមនុស្ស ដែលមាន​ចំណេះដឹង ចំណេះធ្វើ​ទូលំទូលាយ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ជំនាញ​ច្បាស់លាស់​។ ប្រការនេះ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើងៗ ទៅលើ
​ការអភិវឌ្ឍ មូលធន​មនុស្ស​នេះ ដើម្បី​ធ្វើ​ឲ្យ​មុត​ស្រួច​ក្នុងការ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆាប់រហ័ស ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។ កម្ពុជា​ក៏មាន​ចក្ខុវិស័យច្បាស់លាស់ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​សង្គម​ពុទ្ធិ និង​វិ​បុស​ភាព ប្រជាជនមាន​ចំណេះដឹង មាន​វប្បធម៌​ជ្រៅជ្រះ មាន​ផលិតភាព និងភាព​ប្រកួតប្រជែង ខ្ពស់​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម ដោយ​ឆ្លើយតប​យ៉ាង​សមស្រប និង​ទាន់ពេលវេលា​ទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​និង​សេចក្តីត្រូវការ​របស់​ប្រទេសជាតិ ជាពិសេស​ក្នុងពេលដែល​កម្ពុជា មាន​ចក្ខុវិស័យ​ប្រែក្លាយ​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប នាពេល​បច្ចុប្បន្ន​ទៅជា​ប្រទេសដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នា​ឆ្នាំ​២០៣០​និង​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០​ខាងមុខ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​ហើយ​ថា នឹង​បន្ត​លើកកម្ពស់​គោលការណ៍ ការអប់រំ​ប្រកបដោយ​ចីរភាព តាមរយៈ​ការធានា​ឲ្យ​បាន​នូវលទ្ធភាព​ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​សមធម៌ ដែល​ផ្តល់ឱកាស​ស្នើៗ​គ្នា ដល់​កុមារ និង​យុវជន​កម្ពុជា ទាំងអស់ ជាពិសេស​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល និង​នៅតាម​តំបន់​ព្រំដែន​ឲ្យ​ទទួល​ការអប់រំ​ជា​មូលដ្ឋាន ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​។ កិច្ចការ​នេះ​អ​នឹងត្រូវ​ពង្រឹង​និង​ពង្រីក​ជា​បន្តបន្ទាប់​ពីព្រោះ​ការសិក្សា​រៀនសូត្រ គឺជា​រៀង
​ដែល​ត្រូវធ្វើ​គ្មាន​ទីបញ្ចប់​។ ដូច្នេះ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ជំរុញ​ឲ្យ​មានការ​អប់រំ បណ្តុះបណ្តាល​ឲ្យ​កាន់តែ​ខ្ពស់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​កូនចៅ​ណា​ម្នាក់ ស្ថិតនៅ​ក្រៅសេវា​អប់រំ​នោះឡើយ​។ រាជរដ្ឋាភិបាល​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ខិតខំ​ពុះពារ​បន្ត​ដោះស្រាយ​រាល់​ចំណុច​សេសសល់ និង​សំណូមពរ​នានា ក្នុង​បុព្វហេតុ​លើកកម្ពស់​វិស័យអប់រំ ទាំង​អ្នកសិក្សា​និង​គ្រូបង្រៀន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ស្រម​តាម​និន្នាការ​រីកចម្រើន និង​បទដ្ឋាន​អប់រំ ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ យើង​ក៏ត្រូវ​ប្រមូលកម្លាំង​និង​ធនធាន​សរុប​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួមគ្នា​គាំទ្រ​លើកកម្ពស់​វិស័យ​អប់រំ​ជាតិ ដោយ​មិន​ឲ្យ​នរណាម្នាក់​នៅក្រៅ​សេវា​អប់រំ និង​ត្រូវ​បណ្តុះបណ្តាល​កូនចៅ​ជា​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ក្លាយជា​មូលធន​មនុស្ស ដែល​ពោរពេញ​ដោយ​សមត្ថភាព ជំនាញ​ខ្ពស់​គ្រប់ៗ​គ្នា និប្រកបដោយ​សក្តានុពល​៕ ដោយ​៖​ជាលី​

×