ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Neasa Capsule និងស្ព្រៃបាញ់ច្រមុះ Neasa គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook មានគណនីឈ្មោះ ត្រាមេឌកម្ពុជា កំពុងផ្សព្វផ្សាយលក់ឱសថ Neasa Capsule និងស្ព្រៃបាញ់ច្រមុះ Neasa គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១។ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះ ផលិតផលទាំងនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាព បានឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ឋដទៃទៀតដែលបាននឹងកំពុងផ្សព្វផ្សាយលក់ផលិតផលទាំងនេះទៅ តាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


