Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ថ្កោលទោសចំពោះការ បន្តឈ្លានពានយោធារបស់ថៃ មកលើព្រះរាជាណាចក្រកម្ពុជា និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោល បំណងលាក់បាំងទង្វើខុសច្បាប់របស់ខ្លួន

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ថ្កោលទោសចំពោះការ បន្តឈ្លានពានយោធារបស់ថៃ មកលើព្រះរាជាណាចក្រកម្ពុជា និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោល បំណងលាក់បាំងទង្វើខុសច្បាប់របស់ខ្លួន។

ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយ ឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។

ថៃបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់ កម្លាំងយោធា រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅក្នុងតំបន់ដែលមានសហគមន៍ជនស៊ីវិល នៅក្នុងទឹកដីកម្ពុជា។ សកម្មភាពទាំងនេះបានបណ្តាលឱ្យជនស៊ីវិលរងរបួស ការភៀសខ្លួនទ្រង់ទ្រាយធំនៃប្រជាជន ស៊ីវិលស្លូតត្រង់ បំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ ទង្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង គោលការណ៍ជាមូលដ្ឋានបំផុត នៃច្បាប់មនុស្សធម៌អន្តរជាតិ។

កម្ពុជាបញ្ជាក់ជាថ្មីនូវការព្រួយបារម្ភ អំពីការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលដោយថៃនៅក្នុង ឬនៅជិតតំបន់ស៊ីវិល។ អាវុធទាំងនេះ គឺមិនរើសអើងឡើយ និងមានផលប៉ះពាល់វែងដល់ប្រជាជន បំពុលដីជា ច្រើនជំនាន់ និងនៅបន្តគំរាមកំហែងទោះបីសង្គ្រាមបានបញ្ចប់ ការប្រើប្រាស់អាវុធបែបនេះនៅក្នុងតំបន់ដែល មានប្រជាជនរស់នៅ គឺជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្ដរជាតិ។ ស្របពេលដែលយោធាថៃបង្កភាពតានតឹង ថៃបានប្រើប្រាស់បញ្ហាមីន តាមរយៈរូបភាពដែលគ្មានការ ផ្ទៀងផ្ទាត់ត្រឹមត្រូវ ឈុតឆាកដែលបានរៀបចំជាមុន និងការបំភាន់ព័ត៌មានដើម្បីបិទបាំងទង្វើរបស់ខ្លួន។
កម្ពុជាច្រានចោលដាច់ខាត ចំពោះចេតនាប្រើប្រាស់បញ្ហាមនុស្សធម៌ ដើម្បីបិទបាំងទង្វើមកលើជនស៊ីវិល និងបង្វែរចំណាប់អារម្មណ៍អន្តរជាតិ ចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និង ទង្វើខុសច្បាប់របស់អន្តរជាតិ។

កម្ពុជានឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់គោលការណ៍នៃសន្ធិសញ្ញានិសព្វាវុធកា ឬសកម្មភាពមីនមនុស្សធម៌
ជាការបិទបាំងដល់សកម្មភាពយោធា ឬការបង្វែរចំណាប់អារម្មណ៍អន្តរជាតិចេញពីការឈ្លានពានមកលើកម្ពុជា។
កម្ពុជាកត់សម្គាល់ថា ការចោទប្រកាន់របស់ថៃ តែងតែពឹងផ្អែកលើការអះអាងជាឯកតោភាគីរបស់យោធា មិនមានការផ្ទៀងផ្ទាត់ឯករាជ្យ ការស៊ើបអង្កេតដោយយុត្តិធម៌ ឬយន្តការស្វែងរកការពិតដែលទទួលស្គាល់ជា អន្តរជាតិ រូបថត និងភស្តុតាងដែលគ្មានការផ្ទៀងផ្ទាត់ទីតាំង កាលបរិច្ឆេទ ការរក្សាទុក ឬការវាយតម្ល បច្ចេកទេសអព្យាក្រឹត មិនអាចចាត់ទុកជាភស្តុតាងបានទេ ក្រោមច្បាប់អន្តរជាតិ។ ការលើកឡើងម្តងហើយ ម្តងទៀតរបស់ថៃ មិនអាចប្រែក្លាយជាការពិតឡើយ។

ការផ្សព្វផ្សាយព័ត៌មានមិនពិត ទោះផ្សាយច្រើនប៉ុណ្ណា មិនអាចបិទបាំងការពិតដែលថៃបានទម្លាក់គ្រាប់ មកលើតំបន់ជនស៊ីវិលបានឡើយ។

កម្ពុជាគឺជារដ្ឋអធិបតេយ្យដែលប្ដេជ្ញាចិត្តចំពោះសន្តិភាព ច្បាប់អន្តរជាតិ និងស្ថិរភាពក្នុងតំបន់។ កម្ពុជា បានរក្សាភាពអត់ធ្មត់ខ្ពស់ ក្នុងអំឡុងនៃភាពតានតឹង និងការឈ្លានពានរបស់ថៃ។ ក៏ប៉ុន្តែ ភាពអត់ធ្មត់មិនមែនមាន ន័យថាជាភាពស្ងប់ស្ងាត់នោះទេ ហើយភាពស្ងប់ស្ងាត់ មិនមែនមានន័យថាជាការទទួលយកនោះដែរ កម្ពុជា នឹងមិនទទួលយកការឈ្លានពាន ការបង្អួចគោលការណ៍មនុស្សធម៌ ឬការបំភាន់មតិអន្តរជាតិតាមរយៈការផ្ដល់ ព័ត៌មានក្លែងក្លាយ។

កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យថ្កោលទោសចំពោះការឈ្លានពានយោធារបស់ថមក លើកម្ពុជា និងអំពាវនាវដល់អង្គការសហប្រជាជាតិ អាស៊ាន និងយន្តការអន្តរជាតិពាក់ព័ន្ធ ចាត់វិធានការជាបន្ទន់ ដើម្បីការពារជនស៊ីវិល និងរក្សាច្បាប់អន្តរជាតិ និងអំពាវនាវដល់រដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តចំពោះសន្តិភាព និងនីតិរដ្ឋ ច្រានចោលព័ត៌មានក្លែងក្លាយ និងតម្រូវឱ្យអ្នកវាយប្រហារមកលើជនស៊ីវិល ទទួលខុសត្រូវ។

ភាពជឿជាក់នៃច្បាប់អន្តរជាតិ អាស្រ័យលើសកម្មភាព មិនមែនភាពស្ងៀមស្ងាត់ទេ។ ការបរាជ័យក្នុងការ ឆ្លើយតប នឹងបង្កឱ្យមានការរំលោភបំពានបន្ថែមទៀត។
កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា។ ប៉ុន្តែសន្តិភាព មិនអាចត្រូវបានកសាងឡើងតាម រយៈការវាយប្រហារតាមអាកាសមកលើជនស៊ីវិល ការឈ្លានពាន ឬការបង្កើតព្រឹត្តិការដើម្បីបិទបាំងអំពើហិង្សា របស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែមើលឃើញ និយាយ និងចាត់សកម្មភាពច្បាស់លាស់។ កម្ពុជានឹងមិនរក្សា ភាពស្ងៀមស្ងាត់នោះឡើយ៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×