ភ្នំពេញ ៖ រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿនអកស្សឺនឹងកង់បី នៅពីមុខក៏បួងចង្កូតគេចឡើងសួនផ្លូវ ទៅបុ.កបង្គោលភ្លើងបា.ក់មួយដើម ក្រឡាប់ផ្ងារជើងជះត្រី ចោលពេញផ្លូវ និងរងរបួសតៃកុងធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៥០នាទីយប់ថ្ងៃទី ៦ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងកម្មករលើកត្រីជាច្រើននាក់ទៀត បានបើករថយន្តធុនធំដឹកត្រីមួយគ្រឿង ក្បាលពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3A-0744 បើកបរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានអកស្សឺកង់បីមួយគ្រឿង មិនចាំផ្លាកលេខនៅពីខាងមុខ ក៏បួងចង្កូតគេចឡើងសួន ទៅបុ.កនឹងបង្គោលភ្លើងបា.ក់មួយដើមរាបដល់ដី ចំណែកឯរថយន្តវិញ បានក្រឡាប់ផ្ងារជើងជះត្រី ចោលពេញផ្លូវ និងរងរបួសតៃកុងធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកកង់បីវិញ បន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល ហើយភ្លាមនោះដែរ មានប្រជាពលរដ្ឋជាច្រើននាក់ បានចុះមកយកថង់ និងការ៉ុងកើបត្រី ដែលនៅនិងផ្លូវដាក់រួចជិះយកទៅផ្ទះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





