វីដេអូថ្មីមួយ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម នៅពេលបានឃើញអ្នកចម្រៀងភ្លេងការស្រីវ័យក្មេងម្នាក់ បានច្រៀងបណ្តើរ ដេកបណ្តើរ ដែលឃើញហើយពិតជាគួរឲ្យអស់សំណើច និងហួសចិត្តជាខ្លាំង។
ពិតណាស់ មហាជនមួយចំនួន ក្រោយពីបានឃើញបែបនេះ ក៏បានរិះគន់ពីឥរិយាបទរបស់អ្នកចម្រៀងស្រីរូបនេះ ដោយគេបានបញ្ចេញមតិបែបនេះថា៖ «ធ្វើអុីចឹងមិនសមទេ ដូចមើលងាយ មិនពេញចិត្តពិធីគេ បើហត់នឿយសំរាកទៅ, ចង់បានលុយពេកហេីយ អត់អាណិតអ្នកកា១ជាតិការម្តង យេីងធ្វេីចឹងមែន, មិនអោយខាងប្រុសច្រៀងសិនទៅ សម្រាក15នាទីអីក៏រាងស្វាងដែរ,…»។
តែទោះយ៉ាងណា ក្រោយពីបានឃើញមានការរិះគន់បែបនេះ ក្នុងនោះ គេក៏បានឃើញអ្នករួមអាជីពប្រុសវ័យក្មេងដូចគ្នាម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ អាម៉ាប់ កាប់ទីតូ បានចេញមកសុំទោសជំនួស និងបកស្រាយទទួលស្គាល់ការពិតថា «ត្រឹមត្រូវនឹងមានរបៀបរៀបរយ អស់ត្រឹមពួកប្អូនហ្នឹងហើយបង សកម្មភាពក្នុងវីដេអូនោះ គឺដោយសារតែពេលនោះអ្នកចម្រៀងស្រីគាត់ អត់ងងុយ និងអស់កម្លាំងងមែន ព្រោះគាត់យប់ច្រៀងអកកេស ថ្ងៃគាត់ត្រូវមកច្រៀងភ្លេងការទៀត»។
ទន្ទឹមនេះផងដែរ ក្រៅពីអ្នករិះគន់ គេក៏បានឃើញមនុស្សមួយចំនួន បានសម្តែងការកោតសរសើរដល់អ្នកចម្រៀងស្រីរូបនេះថា «ស៊ូមែន ទោះងងុយដេក ក៏អាចច្រៀងកើតទៀត!, មិនគួរឱ្យសើចទេ ជាការតស៊ូរបស់គាត់ខ្ញុំសំុសរសើរ, ខំទៅប្អូនទាន់នៅក្មេង កុំខ្វល់មនុស្សទើស,…។ រីឯអ្នកចម្រៀងអកកេសស្រីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ តន្ត្រី ស្រីនោ ក៏បានប្រាប់ឲ្យដឹងទាំងអស់សំណើចថា៖ បិទភ្នែកច្រៀងក៍មានកម្លាំងដែរ ខ្ញុំធ្លាប់ចឹងដែរ តែដាក់ជើងទៅក្រោម ផ្សារភ្នែកពេក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









