Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពង់បឺតផលិតពីអង្ករ អាចក្លាយជាបទដ្ឋានថ្មី ដោយអាចជំនួសបំពង់បឺតបំពុលបរិស្ថានដែលផលិតដោយប្លាស្ទិច

spot_img

ពោធិ៍សាត់៖ ក្រុមហ៊ុន TK&D Manufacturing ក្នុងខេត្តពោធិ៍សាត់ បានដាក់ចេញនូវដំណោះស្រាយដ៏ប៉ិនប្រសប់ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក គឺ បំពង់បឺតផលិតពីអង្ករ។ ផលិតចេញពីអង្ករធម្មជាតិ និងម្សៅផ្លែឈើទាំងស្រុង បំពង់បឺតផលិតពីអង្ករដែលផលិតដោយក្រុមហ៊ុន TK&D Manufacturing កំពុងធ្វើបដិវត្តន៍ឧស្សាហកម្ម ដោយសារវាផ្តល់នូវការជំនួសបំពង់បឺតប្លាស្ទិកដែលមានជាតិពុល។

លោក ហួរ រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាននិយាយថា ការសិក្សាដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា មានតែបំពង់បឺតដែលផលិតពីអង្ករប៉ុណ្ណោះដែលអាចជំនួសបំពង់បឺតប្លាស្ទិកធម្មតាបាន ព្រោះវាជួយដល់បរិស្ថាន និងលើកកម្ពស់សុខភាព។

​បើតាម​លោក ចេង ឡៃ ដែលជា​អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹងថា បំពង់បឺត​ស្រូវ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ព្រោះ​វា​អាច​បរិភោគ​បាន​បន្ទាប់ពី​ប្រើ​រួច ឬ​អាច​ក្លាយជា​ជីធម្មជាតិ​ប្រសិនបើ​បោះចោល​លើ​ដី​។ ការរកឃើញថ្មីនេះ គឺជាកម្លាំងចលករសម្រាប់ភាពប្រសើរឡើងនៃសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់ជីវភាពកសិករនាពេលអនាគត ព្រោះវាអាចបង្កើតឱកាសការងារនៅក្នុងតំបន់។

លោក ហួរ រិទ្ធី  សមាជិកក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនTK&D Manufacturing បន្តថា “ថ្មីៗនេះខាង UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយអំពីការស្វែងរកផលិតផលមកជំនួសផលិតផលប្លាស្ទិច។ ចឹងយោងទៅតាមការស្រាវជ្រាវរបស់ខាង UNDP និងតាមការពិនិត្យជាក់ស្តែងគឺមានតែបំពង់បឺតផលិតពីអង្គរនេះទេដែលអាចមកជំនួយផលិតផលប្លាស្ទិចបាន ដែលផលិតផលមួយនេះមិនប៉ះពាល់ដល់សុខភាព និង បរិស្ថាន។”

លោក ហួរ រិទ្ធី​ បន្តថា “សហគ្រាស TK&D គឺជាសហគ្រាសផលិតបំពង់បឺតពីអង្ករមុនគេនៅប្រទេសកម្ពុជាយើង ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។” លោក ហួរ រិទ្ធី​ បន្តទៀតថា “ក្នុងការផលិតបំពង់បឺតសរីរាង្គនេះគឺយើងត្រូវការវត្ថុធាតុដើម២ប្រភេទដែលមានដូចជា ម្ស៉ៅអង្ករ និង សារធាតុបង្កើតពណ៌ ដែលក្នុងនោះយើងយកផ្លែឈើមួយចំនួនមកផលិតទៅជាម្ស៉ៅ ដែលមានដូចជា ផ្លែចេក ដំឡូង ផ្លែស្វាយ ត្រាវ និងគ្រាប់កាហ្វេ។”

លោក​ ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា “ខ្ញំចាប់អារម្មណ៍ខ្លាំង ព្រោះថាយើងអាចញុំាបានបន្ទាប់ពីប្រើប្រាស់រួច ហើយកន្លងមកការប្រើប្រាស់បំពង់បឺតជ័រនៅពេលប្រើរួច អ្នកប្រើបោះចោល ចឹងវាបណ្តាលឱ្យប៉ះពាលដល់បរិស្ថាន ប៉ុន្តែសម្រាប់បំពង់បឺតនេះវាមិនប៉ះពាល់ដល់បរិស្ថាននោះទេ ប្រសិនជាយើងបោះចោល វាអាចក្លាយទៅជាជីធម្មជាតិថែមទៀត។” 

 លោក ហួរ រិទ្ធី ក៏បានលើកឡើងដែរថា “សព្វថ្ងៃនេះការប្រើប្រាស់បំពង់បឺតជ័រគឺរាប់លានក្នុងមួយថ្ងៃចឹងវាប៉ះពាល់ខ្លាំងដល់បរិស្ថាន ប៉ុន្តែប្រសិនអ្នកប្រើប្រាស់ផ្លាស់ប្តូរទម្លាប់មកប្រើបំពង់បឺតផលិតពីអង្ករវិញ នោះយើងអាចចូលរួមជួយដល់បរិស្ថានយើងពិតប្រាកដណាស់។”

កម្មការនី​ លាង រដ្ឋា ធ្វើការនៅរោងចក្រ TK&D Manufacturing បាននិយាយថា “បំពង់បឺតនេះគឺជាផលិត​ផល​​ដ៏ល្អបំផុតមួយសម្រាប់ប្រទេសយើង ប្រសិនជាប្រជាជនខ្មែរប្រើប្រាស់បំពង់បឺតផលិតពីអង្ករនោះយើងអាចជួយដល់បរិស្ថានប្រទេសយើង ក៏ដូចជាកម្មករក្នុងតំបន់នេះផងដែរ។”

លោក​ ចេង ឡៃ អភិបាលរងខេត្ត បានអះអាងថា “សហគ្រាសនេះ គឺជាសហគ្រាសដែលផលិតនូវផលិត​ផល រង្វេលជុំ ដែលផ្តល់ការងារដល់ប្រជាជនក្នុងតំបន់យើងនេះជាង ១០០គ្រួសារ ចឹងវាពិតជាមានប្រយោជន៍ណាស់សម្រាប់តំបន់ជនបទមួយនេះ។”

លោក ហួរ រិទ្ធី បាននិយាយថា“បច្ចុប្បន្នប្រជាជនខ្មែរពិតជាគិតគូរដល់សុខភាពណាស់ព្រោះពេលដែលទទួលបានដំណឹងថាមានបំពង់បឺតដែលមិនប៉ះពាល់ដល់សុខភាពគឺពួកគាត់មានការចាប់អារម្មណ៍ណាស់។ ដោយសារតែសន្តិភាពនិងមានការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដូច្នេះការយល់ដឹងរបស់ប្រជាជនក៏មានការកើនឡើងផងដែរ ដូច្នេះគាត់នឹងរីករាយគាំទ្រនូវផលិតផងរបស់សហគ្រាសយើង។”

លោក ហួរ រិទ្ធី បានបន្តថា “សព្វថ្ងៃទីផ្សាររបស់ផលិតផលយើងគឺមានការពេញនិយមណាស់ យើងបានចែកចាយស្ទើរតែគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តយើងកំពុងធ្វើការផ្សព្វផ្សាយជាបណ្តើរៗ។ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីបរទេស ដូចជាប្រទេស អូស្រ្តាលី អាមេរិច និងប្រទេសមួយចំនួននៅអឺរ៉ុប ក៏គាំទ្រផលិតផលរបស់យើងផងដែរ។”

លោក ហួរ រិទ្ធី បានបន្ថែមទៀតថា​ “បញ្ហាប្រឈមដែលសហគ្រាសយើងកំពុងជួបប្រទះគឺបញ្ហាតម្លៃភ្លើងអគ្គីសនី ដូច្នេះសហគ្រា TK&D ស្នើរសុំដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលទម្លាក់តម្លៃអគ្គីសនីឱ្យមានតម្លៃទាបជាងពេលបច្ចុប្បន្នដើម្បីយើងផលិតបាននូវផលិតផលមួយដែលមានថ្លៃដើមក្នុងការផលិតទាប នោះយើងនឹងងាយស្រួលប្រកួតប្រជែងជាមួយផលិតផលប្លាស្ទិច។”

លោក ហួរ រិទ្ធី បានបញ្ជាក់ថា “បញ្ហាប្រឈមួយផ្សេងទៀតគឺការនាំចូលវត្ថុធាតុដើមពីបរទេស ដែលធ្វើឱ្យតម្លែនៃការផលិតមានតម្លៃខ្ពស់ តែពេលបច្ចុប្បន្នខាងសហគ្រាសកំពុងរៀបចំគម្រោងក្នុងការតម្លើងម៉ាស៊ីនផលិតវត្ថុធាតុដើម ដែលគម្រោងនេះអាចនឹងជួយដល់ប្រជាកសិករក្នុងតំបន់ឱ្យមានជីវភាពមួយល្អប្រសើរ តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់សហគ្រាសរបស់យើង៕ ប្រភព៖ A24

spot_img
×